44ba535d 1e12 464f a733 090bf361f349

ជនសង្ស័យ ២​នាក់ គឺជា​មុខសញ្ញា​លួច​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ឫស្សីកែវ​ឃាត់ខ្លួន​

    ភ្នំពេញ ៖ យុវជន ២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយពី​ត្រួតពិនិត្យ​រកឃើញ​នៅ​សោរ​កាច់ក កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​សួន​ឃ្លាំង​សាំង​សូ​គ​ម៉ិច ស្ថិតនៅ​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។​

    លោក តូច គឹម​សុង នាយប៉ុស្តិ៍​នគរបាល​ឫស្សីកែវ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​ខណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ បានដាក់​គោលដៅ​ត្រួតពិនិត្យ​ចរាចរ​ផ្លូវគោក និង​ឆែកឆេរ​អាវុធជាតិផ្ទុះ ស្រាប់តែ​បាន​ប្រទះឃើញ​ជនសង្ស័យ ២​នាក់ បាន​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក SUZUKI VIVA សេរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1D-9381 បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​មុខ​សួន​ឃ្លាំង​សាំង​សូ​គី​ម៉ិ​ច ដែលជា​គោលដៅ​សមត្ថកិច្ច​យើង​កំពុងតែ​ត្រួតពិនិត្យ​នោះ ក៏បាន​ធ្វើការ​ឆែកឆេរ​ទៅលើ​ជនសង្ស័យ​ទាំង ២​នាក់​នោះ ស្រាប់តែ​បាន​ប្រទះឃើញ​ប្រដាប់​កាច់ក​ម៉ូតូ​ចំនួន ១ ហើយ​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន និង​យកមក​ប៉ុស្តិ៍​ឫស្សីកែវ ដើម្បី​ធ្វើការ​សាកសួរ។​

    លោក​បាន​បន្តទៀតថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួ​នោះ មានឈ្មោះ គង់ បូរ៉ា ហៅ លី ភេទ​ប្រុស អាយុ២៨​ឆ្នាំ មុខរបរ  មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ មាន​ស្រុកកំណើត​នៅ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ និង​ម្នាក់ទៀត​ឈ្មោះ សំ ភ័ក្រ ភេទ​ប្រុស អាយុ២១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​លេខ​៣១៦ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ដោល ឃុំ​បឹង​ដោល ស្រុក​ស្វាយរៀង ខេត្តស្វាយរៀង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​តាម​និ​តី​វិធី​ច្បាប់៕

មតិយោបល់