adverise with khmeread 97d0a1ba bd55 4f7f b863 dbd89b941a28

បុរស​ជនជាតិខ្មែរ​ម្នាក់​ជាប់អន្ទាក់​របស់​ត​ម្រួត​ថៃ​លក់​ថ្នាំញៀន​ដូចក្នុងរឿងភាគ!

    ថៃ ៖ បុរស​ជនជាតិខ្មែរ​ម្នាក់ ដែល​រស់នៅក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ និង​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ត្រូវបាន​តម្រួត​ថៃ​ប្រើល្បិច​តាម​វិធី​ញុះញង់​ដាក់​អន្ទាក់​ដើម្បី​ចាប់ខ្លួន ខណៈ​ជនសង្ស័យ​ខាងលើ​កំពុង​នាំយក​គ្រឿងញៀន​ទៅ​លក់​ឱ្យ​ជនជាតិ​ថៃ​តាម​ការសន្យា។​

    តម្រួត​ថៃ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង១០​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា​ ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ស្រុក​តា​ផា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​សាកសួរ​ទៅលើ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បន្ត​ដែល​បាន​ទិញ​ពី​ជនជាតិខ្មែរ​រូបនេះ នាពេល​កន្លងមក។​

    យោងតាម​របាយការណ៍​របស់​ក្រុម​តម្រួត​ថៃ​បាន​បញ្ជាក់ថា កិច្ចប្រតិបត្តិការ​នេះ​គឺ​កម្លាំង​តម្រួត​ស្លៀកពាក់​ស៊ីវិល​ច្រើន​នាក់​ បាន​ឃាត់​មុខសញ្ញា​ចែកចាយ​ម្នាក់​ឈ្មោះ ស៊ុំ សាក់ ឬ​សាក់ ឈិន​ហុង ជនជាតិ​ថៃ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​១៥ ឃុំ​ថាប់​រាជ ស្រុក​តា​ផា​យ៉ា ខេត្ត​ស្រះកែវ​ព្រមទាំង​បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ១០ គ្រាប់ ដោយបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​ប​ន្ត។​

    យោងតាម​ចម្លើយសារភាព ជនសង្ស័យ​ដែលជា​ជនជាតិ​ថៃ​ខាងលើនេះ​ បាន​សារភាពថា​ថ្នាំញៀន​នេះ​គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ឆឺ​ន ឆុំ  ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​រស់នៅ​ភូមិ​៦ ឃុំ​ខូ​កឡាន ស្រុក​តា​ផា​យ៉ា ដោយ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​បាន​ចំនួន១៩៣​គ្រាប់ ហើយ​ក៏បាន​នាំខ្លួន​យកទៅ​សាកសួរ​ថែមទៀត​ដើម្បី​តាមរក​មេក្លោង​ធំ។​

    នៅ​ទីបំផុត​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បានបញ្ជាក់​យ៉ាងច្បាស់​ថា គឺ​រូបគេ​បាន​ទិញ​ពី​ជនជាតិខ្មែរ​ម្នាក់ ដែល​តែងតែ​ទំនាក់ទំនង​គ្នា​តាមរយៈ​ទូរស័ព្ទ ដោយ​គេ​ជា​អ្នកយក​ថ្នាំញៀន​យកមក​ឱ្យដល់​ក្នុង​ទឹកដី​ថៃ​ផ្ទាល់​តែម្តង។​

    នៅពេលនោះ​គឺ​តម្រួត​ថៃ​បានរៀបចំ​ផែនការ​ ដើម្បី​ដាក់​អន្ទាក់​ចាប់​មេក្លោង​ចែកចាយ​គ្រឿងញៀន​ដែលជា​ជនជាតិខ្មែរ ក្នុង​គោលបំណង​បោសសំអាត​ឱ្យដល់​ឫសគល់​តែម្តង​ទើបបាន​រៀបចំ​ផែនការ​ដោយ​ឱ្យឈ្មោះ ឆឺ​ន ឆុំ ជា​អ្នក​ទូរស័ព្ទ​ទាក់ទង​ទិញ​ជាធម្មតា​ដូច​គ្រាកន្លងមក។​

    ប៉ុន្តែ​លើក​នេះ​ក្រុម​តម្រួត​បានកំណត់​ឱ្យ​ទិញ​ចំនួន​៦០០​គ្រាប់ ដោយ​ណាត់​ទីតាំង​ដោះដូរ​គឺ​នៅក្នុង​មន្ទីរពេទ្យ​ស្រុក​តា​ផា​យ៉ា  ប៉ុន្តែ​នៅពេលនោះ​គឺ​ភាគី​ខ្មែរ​បាន​តម្រូវ​ឱ្យឈ្មោះ ឆុំ វេរ​លុយ​ទៅជា​មុន​ចំនួន​៣​ម៉ឺន​បាត​សិន ទុកជា​ការ​កក់​មុន។ នៅពេលនោះ​ហើយ​ដែល​ក្រុម​តម្រួត​បានសម្រេច​ចិត្ត​វេរ​លុយ​ទៅឱ្យ​មុខសញ្ញា​ដែលជា​ជនជាតិខ្មែរ​នូវ​ទឹកប្រាក់​ចំនួន​៣​ម៉ឺ​ន​បាត។​

    លុះ​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា​នេះ គេ​ស​ង្គេ​ត​ឃើញថា មុខសញ្ញា​បានបង្ហាញ​ខ្លួន​ដោយ​គេ​បាន​ជិះ​ម៉ូតូ​ទៅកាន់​ទីតាំង​ដែល​បានកំណត់ ទើប​ក្រុម​តម្រួត​ថៃ​ធ្វើការ​ឃាត់ខ្លួន​តែម្តង ដោយ​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន​៦០៦​គ្រាប់ ដែល​ជនសង្ស័យ​លាក់ទុក​នៅក្នុង​ហោ​ប៉ៅខោ​ខាងស្តាំ ហើយ​ជននេះ​មានឈ្មោះ ចិន វុ​ធ​ចិន្តា​ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ​ត្រៀម​បញ្ជូន​ខ្លួន​ជនជាតិខ្មែរ  រួមទាំង​វត្ថុតាង​ទៅកាន់​តុលាការ​ ហើយ​ដើម្បី​ចាត់វិធានការ​តាមច្បាប់៕​

adverise with khmeread

មតិយោបល់