adverise with khmeread 26b250e2 42f0 4976 b63f 9b29c1658d16

ត្រី​ក្លាសេ​អន់​គុណភាព​រាប់រយ​តោន​មកពី​ប្រទេស​ថៃ​មក​ចែកចាយ​ពេញ ក្រុង​បាត់ដំបង​

    បាត់ដំបង ៖ យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ត្រី​ក្លាសេ​អន់​គុណភាព​រាប់រយ​តោន​ដឹក​ចូលក្នុង​មួយថ្ងៃៗ ត្រូវបាន​ក្រុម​ឈ្មួញ​សម្រុក​ដឹក​ចេញពី​ប្រទេស​ថៃ​មក​កម្ពុជា ចូលមក​ចែកចាយ​បន្ត​ពេញ​ក្រុង​បាត់ដំបង ដើម្បី​កែច្នៃ​ជា​ចំណីអាហារ ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​ខាង​មន្ត្រី​ជំនាញ​ឡើយ​។​

    ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ បាន​ប្រាប់​ឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​ក្រុម​ឈ្មួញ​ជាច្រើន បាននាំគ្នា​សម្រុក​ដឹក​ត្រី​ក្លាសេ​អន់​គុណភាព​ក្នុង​មួយថ្ងៃៗ​រាប់រយ​តោន ចេញពី​ប្រទេស​ថៃ​តាម​ច្រក​ភ្នំ​ដី នៃ​ស្រុក​សំពៅ​លូន ឆ្ពោះ​មកកាន់​ខេត្តបាត់ដំបង ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​ខាង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះទេ ដោយ​សំអាងថា ឈ្មួញ​យកទៅ​ធ្វើជា​ចំណី​សត្វ​ក្រពើ តែ​ធាតុពិត​គេ​យកទៅ​កែច្នៃ​ជា​ប្រហិត ណែម សង្វាក់ ផ្អក និង​វះ​ជា​ងៀត​លក់​ទៅវិញ​។​

    យោងតាម​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​បង្ហើប​ប្រាប់ថា ត្រី​ក្លាសេ​អន់​គុណភាព​រាប់រយ​តោន ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​រាល់ថ្ងៃ យកមក​ចែកចាយ​បន្ត​នៅ​ផ្សារ​ប្រហុក ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ច្រែងនេះ ហើយ​ត្រី​ក្លាសេ​អន់​គុណភាព​ទាំងនោះ ភាគច្រើន​ត្រូវបាន​គេ​យកទៅ​កែច្នៃ ជា​ចំណីអាហារ ដូចជា​ ៖ ប្រហិត​ត្រី ណែម​ត្រី សង្វាក់​ត្រី ផ្អក និង​មួយចំនួនទៀត គឺ​វះ​ជា​ងៀត​។ ចំណែក​មួយចំនួន​តូច ដែល​អន់សាច់​ខ្លាំង ទើប​យក​លក់​ឲ្យ​ជា​ចំណី​សត្វ​ក្រពើ​។​

    ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ លោក ពេជ្រ ប្រាថ្នា ប្រធាន​កាំកុងត្រូល​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន​អ្នកសារព័ត៌មាន​មិនអាច​សុំ​ការបកស្រាយ​អ្វី​បានទេនៅពេលនេះ ដោយសារ​ទូរស័ព្ទ​លោក​មិនអាច​ធ្វើការ​ទំនាក់ទំនង​បាន​។​

    ចំណែក លោក ជា វុទ្ធី ប្រធាន​កា​រិ​យា​គយ និង​រដ្ឋាករ​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន ជុំវិញ​បញ្ហា​នេះ ក៏​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ កាលពី​រសៀល ថ្ងៃទី​១៣ ម្សិលមិញ រហូតដល់​ពេលនេះ គឺ​មិនមាន​ការឆ្លើយតប​ទេ ដោយសារ​ទូរស័ព្ទ​ចូល​តែ​មិនមាន​អ្នក​លើក​៕

adverise with khmeread

មតិយោបល់