adverise with khmeread Eeb49dbb 39b3 4729 8b87 a4133a492e4f

យុវជន​ពីរ​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ជ្រុល​ទៅបុក​កម្មករ​ស៊ិន​ទ្រី​កំពុង​ប្រមូល​សំរាម​របួសធ្ងន់​

    ភ្នំពេញ ៖ យុវជន​ពីរ​ក្រុម​ចេញពី​ក្លឹប​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ​ជ្រុល​ទៅបុក​បុរស​ម្នាក់​ជា​កម្មករ​ស៊ិន​ទ្រី​ដែល​កំពុង​ប្រមូល​សំរាម​តាម​ចិញ្ចើមផ្លូវ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ហើយ​ភាគី​ម្ខាង​ទៀត​ជិះ​គេចខ្លួនបាត់ ខណៈ​បុគ្គលិក​ស៊ិន​ទ្រី​ត្រូវ​បាន​ដឹក​យកទៅ​សង្គ្រោះ​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២ ​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងជើង​ប៉ុស្ដិ៍​រដ្ឋបាល​ទួល​សង្កែ​ប្រហែល​១០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​មិត្ត​ភក្តិ​ជនរងគ្រោះ​ ដែលជា​កម្មករ​ប្រមូល​សំរាម​ដូចគ្នា​បានឱ្យដឹងថា ដំបូង​ជនរងគ្រោះ​បាន​រុញ​រទេះ​ដើរ​ប្រមូល​សំរាម ពេលដែល​កំពុង​ដើរ​ប្រមូល​ក៏មាន​យុវជន​ពីរ​ក្រុម​ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង​ជិះ​ប្រដេញ​វាយ​គ្នា​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    ក្នុងចំណោម​ម៉ូតូ​ដែល​ជិះ​ប្រដេញ​គ្នា​នោះ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ​២០១៦ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FV-1790  ជិះ​គ្នា​ពីរ​នាក់​បាន​ជ្រុល​ទៅបុក​រទេះដឹក​សំរាម​ដែល​បុរស​ជា​កម្មករ​កំពុង​រុញ​ដើរ​ប្រមូល​សំរាម បណ្ដាលឱ្យ​បុរស​ជា​អ្នក​រុញ​រទេះ​រងរបួស​ធ្ងន់​។​

    បើតាម​សំដី​របស់​យុវជន​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​បង្ក​បានឱ្យដឹងថា ពួកគេ​ទើបតែ​ចេញពី​ក្លឹប​ហើយ​ត្រូវ​យុវជន​មួយក្រុម​មាន​គ្នា​៣​ម៉ូតូ​បាន​ជិះ​ដេញ​វាយ​ពួកគេ។ ដោយ​ឃើញ​គេ​ជិះ​ដេញ​វាយ​ក៏​បន្ថែម​ល្បឿន​ដើម្បី​គេចខ្លួន​ហើយ​ពេល​ជិះ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​រទេះដឹក​សំរាម​តែម្ដងទៅ។​

    ក្រោយពី​កើតហេតុ​កម្លាំង​អន្តរាគមន៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​យុវជន​៥​នាក់​នៅ​កន្លែងកើតហេតុ​ដើម្បី​យកទៅ​សួរនាំ​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕​

adverise with khmeread

មតិយោបល់