adverise with khmeread 4d0c247e c691 4768 a4d2 03514053a72c

លួច​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ជិះ​ដើរ​លក់ ...​ចៃដន្យ​ជួប​ម្ចាស់​ចាប់​ក្របួច​ឱ្យ​ប៉ូលិស​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​លួច​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​ហើយ ជិះ​ដើរ​រក​កន្លែង​លក់​ជួបនឹង​ម្ចាស់​ស្រែក​ចោរ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៤ និង៣០​នាទី​ល្ងាច​ថ្ងៃទី​១៣ ខែ​កក​ដ្កា​ឆ្នាំ​២០១៦​កន្លងទៅនេះ នៅ​ចំណុច​មុខផ្ទះ​លក់​តុទូ​ដែក​ផ្លូវ​៦៨​ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឡោះ សា​គី​រិ​ន ភេទ​ប្រុស​ អាយុ២៩​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​ផ្ទះ​ជួល​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​ ចំណែកឯ​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មានឈ្មោះ អោក សារឿន ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ មាន​មុខរបរ​រត់​ម៉ូតូ​កង់​បី ​ស្នាក់​ក្នុង​បុរី​រី​វើ​ថោ​ន​ទន្លេសាប ក្រុមទី​៨ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

    ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា នៅវេលា​ម៉ោង​១១ ​និង​៣០នាទី​យប់​ថ្ងៃទី​១២ ​ខែ​​កក​ដ្កា​ ជនរងគ្រោះ​បាន​ត្រឡប់​មកពី​រត់​ម៉ូតូ​កង់​បី​វិញ​ បាន​ទុក​ម៉ូតូ​កង់​បី​នៅមុខ​ផ្ទះជួល​នៅក្នុង​បុរី​រី​វើ​ថោ​ន​ក្រុមទី​៨ ​ភូមិ​៣​ សង្កាត់​ជ្រោយចង្វា​រ ហើយ​បាន​ចូល​សំរាក​។​

    រហូតដល់​ម៉ោង​៦​ព្រឹក​ ថ្ងៃទី​១៣​ ខែ​ឆ្នាំ​ដដែល​រូបគេ​បាន​ក្រោក​ពី​ដេក​បាន​ចេញពី​ក្នុង​បន្ទប់​ស្រាប់តែ​បាត់​ម៉ូតូ​កង់​បី​ ក៏មាន​ការណ៍​ភ្ញាក់ផ្អើល​នឹង​រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជ្រោយចង្វារ​ឱ្យជួយ​អន្តរាគមន៍​។​

    ប្រភព​បាន​បន្ត​ឱ្យដឹងថា ក្រោយពី​ដាក់​បណ្តឹង​រួច​ជនរងគ្រោះ​បាន​ខ្ចី​ម៉ូតូ​មិត្ត​ភ​ក្កិ​ជិះ​ដើររក​តាំងពីព្រឹក​រហូត​ល្ងាច​។ ខណៈពេល​ជិះ​ម៉ូតូ​តាមផ្លូវ​ជាតិ​លេខ​៦​មកដល់​ចំណុច​ម្តុំ​មុខ​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ជិះ​ម៉​តូ​កង់​បី​របស់​បើកបរ​តាមផ្លូវ​ជាតិ​លេខ​៦​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ចូល​ភ្នំពេញ​។​

    ឃើញបែបនេះ​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ បាន​ជិះ​តាម​ក្រោយ​រហូត​ស្រែក​ចោរ​ក៏​ជួបនឹង​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​កំពុង​ជិះ​ល្បាត​តាមផ្លូវ​ជួយ​ដេញតាម​ចាប់បាន​នៅ​ចំណុច​ខាងលើ​ចាប់បាន​យកទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​។​

    បើតាម​ចម្លើយ​ជ​នស​ង្ស័​បាន​សារភាពថា នៅ​យប់កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូឌុប​ចេញពី​ម្តុំ​រោងចក្រ​ឆ្នាំង​មកដល់​ចំណុច​មុខ​បន្ទាយ​ទាហានជើងទឹក​រូបគេ​បានឱ្យ​ម៉ូតូ​ឈប់​ដាក់​គេ​ត្រង់​នឹង​ហើយ​រូបគេ​បាន​ចុះ​ដើររក​ម៉ូតូ​ដែល​ចត​ចោល​នៅ​មខ​ផ្ទះ​នឹង​មុខ​សណ្ឋាគារ​ដើម្បី​ចូល​លួច​។​

    លុះ​រូបគេ​ដើរ​មកដល់​ចំណុច​ខាងលើ​បានឃើញ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​កំពុង​ចត​ទុក​នៅមុខ​ផ្ទះ​ពុំ​ឃើញ​ចាក់សោ​រូបគេ​បានធ្វើ​សកម្មភាព​លួចបាន​ហើយ​រូបគេ​បាន​ជិះ​ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន​នៅឯ​ខេត្តកំពង់ចាម​។ មុន​ឃាត់ខ្លួន​រូបគេ​បាន​ជិះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ចូលមក​ភ្នំពេញ​វិញ​ ដើម្បី​យកមក​លក់​ក៏ប៉ុន្តែ​មិនបាន​លក់​ផង​ក៏​ជួបនឹង​ម្ចាស់​ចាប់​ក្របួច​ឱ្យ​សមត្ថកិច្ច​តែម្តង​។​

    បច្ចុប្បន្ន ជនជាប់ចោទ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​និង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់