adverise with khmeread 48bc2e40 75a9 4593 aca5 29ba23701e45

យុវជន​វៀតណាម ឈរលើ​កំពូល​តារាង ខណៈ​អូស្ត្រាលី​, ​ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា មាន​៤​ពិន្ទុ​ស្មើគ្នា ក្នុង​ពូ​ល A

    ក្រុមយុវជន​វៀតណាម​អាយុ​ក្រោម១៦​ឆ្នាំ បានបង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង សម្រាប់​រដូវ​កាល​ថ្មី​នេះ ដោយ៣​ប្រកួត​របស់ខ្លួន ឈ្នះ​ទាំង​៣​ប្រកួត ឈរ​នៅលើ​កំពូល​តារាង ខណៈ​៣​ក្រុម​ទៀត គឺ​យុវជន​អូស្ត្រាលី​, ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា មាន​៤​ពិន្ទុ​ស្មើៗ​គ្នា នៅក្នុង​ពូ​ល​A នៃ​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ជើងឯក​យុវជន​អាស៊ាន ឆ្នាំ​២០១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​

    ក្នុង​៣​ប្រកួត ក្នុង​ពូ​ល​A កាលពី​ល្ងាចម្សិលមិញ​នេះ គឺ​មួយ​ប្រកួត​នៅ​ស្តា​ត​ចាស់ ដោយ​ក្រុមយុវជន​ម៉ាឡេស៊ី រកបាន​៣​ពិន្ទុ​បន្ថែម​ពី​ក្រុមយុវជន​សឹង្ហ​បុរី ដោយ​លទ្ធផល ២​ទល់​០ បន្ទាប់ពី​កីឡាករ​ម្នាក់​របស់​សឹង្ហ​បុរី​ទទួល បាន​ពិន័យ​កាត​ក្រហម​។​

    រីឯ​២​ប្រកួត​ទៀត នៅ​កីឡដ្ឋាន​ជាតិ​នោះ គឺ​ក្រុមយុវជន​អូស្ត្រាលី​បាន​បំបាក់​យុវជន ហ្វីលីពីន​យ៉ាង​ចាស់ដៃ ដោយ​លទ្ធផល ៧​ទល់​០ ខណៈ​យុវជន​វៀតណាម​បាន​បំបាក់​ក្រុម​ម្ចាស់​ជើងឯក​រង រដូវកាល ២០១៥ យុវជន​មី​យ៉ាន់​ម៉ា ដោយ​លទ្ធផល ៥​ទល់​១​។​

    សម្រាប់​ពូ​ល A នេះ ក្រុម​ដែល​ឈរលើ​កំពូល​តារាង​បណ្តោះអាសន្ន មាន​យុវជន​វៀតណាម មាន​៩​ពិន្ទុ ខណៈ​ក្រុម​លេខ​២​បណ្តោះអាសន្ន យុវជន​អូ​ស្រា្ត​លី​, លេខ​៣ យុវជន​ម៉ាឡេស៊ី និង​លេខ​៤ មី​យ៉ាន់​ម៉ា ដោយ​៣ ក្រុម​នេះ មាន​៤​ពិន្ទុ​ដូចគ្នា ពោលគឺ​ឈ្នះ​១​ប្រកួត ស្មើ​១​ប្រកួត និង​ចាញ់​១​ប្រកួត​ដូចៗ​គ្នា​។ 

    ក្នុង​ពូ​ល A នេះ គ្រប់ ក្រុម​ទាំង​៦​នេះ នៅសល់​២​ប្រកួត​ទៀត នៅក្នុង​ដៃ​ដូចគ្នា សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​វិលជុំ​ក្នុង​ពូ​ល​នេះ ដើម្បី​ស្វែង រក​២ ក្រុម ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​ក្រោយ​។​

    សម្រាប់​ថ្ងៃ​សុក្រ​នេះ ក៏មាន​២​ប្រកួត​ដែរ ក្នុង​ពូ​ល B ដែលជា​ការជួបគ្នា​រវាង​ក្រុម​ម្ចាស់​ជើងឯក​រដូវ​កាល ចាស់ ២០១៥ យុវជន​ថៃ​នឹងត្រូវ​ប្រជែង​រក​៣​ពិន្ទុ​ជាមួយ​យុវជន​ប្រ៊ុយណេ ខណៈ​យុវជន​ឡាវ​ប៉ះ​ជាមួយ​ទី​ម័​រ​ខាងកើត​។ 

    នៅក្នុង​ពូ​ល​A នេះ ២​ក្រុម ដែល​កំពុង​ឈរលើ​កំពូល​តារាង​បណ្តោះអាសន្ន គឺ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា និង​យុវ ជន​ថៃ ដោយ​យុវជន​កម្ពុជា​នឹងត្រូវ​ជួប​ជាមួយ​យុវជន​ថៃ នា​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ វេលា​ម៉ោង ៦ និង​៣០ នាទី នៅ​កីឡដ្ឋាន​ជាតិ ដែល​នេះ​ជាការ​ប្រកួត​មួយ​ដ៏​តឹងតែង​មួយ ក្នុងការ​ប្រជែង​រក​ពិន្ទុ​បន្ថែម សម្រាប់​ឡើងទៅ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕​

adverise with khmeread

មតិយោបល់