adverise with khmeread 2

ស៊ី​ហ្គេម​ឆ្នាំ ២០១៧ នៅ​ម៉ាឡេស៊ី​នឹង​មិនមាន​ប្រភេទ​កីឡា​សក្តានុពល​របស់​ក​ម្ពុ​ជា​ចំនួន ៣ ប៉ុន្តែ​មាន​វិញ្ញាសា​តេ​ក្វាន់​ដូរ​ដែលជា​ជំនាញ​របស់​កញ្ញា ស៊ន សៀវ​ម៉ី​

​    ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ ស៊ី​ហ្គេម លើក​ទី​២៩ ឆ្នាំ ២០១៧ ខាងមុខ ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដែលមាន ១១ ប្រទេស​ចូលរួម​នោះ​នឹង​មិនមាន​ប្រភេទ​កីឡា​សក្តានុពល​របស់​ក​ម្ពុ​ជា​ចំនួន ៣ ដូចជា​ប្រភេទ​កីឡា​ចំបាប់​, សូ​រី​ន​ហ្សិ​កាំ​ប៉ូ និង​វ៉ូ​វី​ណា​ម​។​

​    ​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, លោក វ៉ា​ត់ ចំរើន ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស៊ី​ហ្គេម ដើម្បី​ពិភាក្សា​សម្រេច​ដាក់បញ្ចូល​ប្រភេទ​កីឡា សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ ២០១៧ នៅ​ប្រទេស​ម៉ា​ឡា​ស៊ី កាលពី​ម្សិលមិញ បាន​សម្តែង​ការ​សោយ​ស្តាយ ដែល​មិនមាន​ប្រភេទ​វិញ្ញាសា​សក្តានុពល​របស់​កម្ពុ​ជា​ចំនួន ៣ ដែល​ធ្វើឱ្យ​កម្ពុជា​យើង​រិត​តែ​បាត់បង់​ឱកាស​ក្នុងការ​ប្រកួត​ដណ្តើម​មេដាយ​ផងដែរ​។​

​    ​អគ្គលេខាធិការ​រូបនេះ​បញ្ជាក់ថា ព្រឹត្តិការណ៍​ថ្នាក់​តំបន់​ដែល​ធ្វើឡើង​រៀងរាល់ ២ ឆ្នាំ​ម្តង នៅ​ម៉ាឡេស៊ី លើក​នេះ​មាន ៣៨ ប្រភេទ​កីឡា ស្មើនឹង ៤០៥ វិញ្ញាសា ដែល​ដាក់ឱ្យ​ប្រកួត ប៉ុន្តែ​មិនមាន ៣ ប្រភេទ​កីឡា​កីឡា ចំបាប់​, សូ​រី​ន​ហ្សិ​កាំ​ប៉ូ និង​វ៉ូ​វី​ណា​ម ដែល​កម្ពុជា​ធ្លាប់​ឈ្នះ​មេដាយ​ជាច្រើន កាលពីពេល​កន្លងទៅ​។ ប៉ុន្តែ​លោក​បាន​សម្តែង​ការសប្បាយ​ចិត្ត ដែល​ភាគី​ខាង​ម៉ាឡេស៊ី ដាក់បញ្ចូល​ប្រភេទ​វិញ្ញាសា​តេ​ក្វាន់​ដូរ នារី​លើ​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម ដែលជា​ប្រភេទ​គីឡូ​របស់​វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី ចូលក្នុង​ព្រឹត្តិការណ៍​នេះ​ទៅវិញ​។​

​    ​លោក​បញ្ជាក់ថា បន្ទាប់ពី​មានការ​ប្រជុំ និង​ពិភាក្សា​រវាង​ម្ចាស់ផ្ទះ ម៉ាឡេស៊ី និង​បណ្តា​ប្រទេស​អាស៊ាន​នោះ​, ម្ចាស់ផ្ទះ​បាន​យល់​ស្របតាម​ការស្នើសុំរ​បស់​កម្ពុជា ដោយ​បញ្ចូល​ប្រភេទ​វិញ្ញាសា​តេ​ក្វាន់​ដូ​នារី​ទម្ងន់​៧៣​គីឡូក្រាម ដែលជា​ប្រភេទ​ទម្ងន់​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី ២៩ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​នេះ​។ ប៉ុន្តែ​កម្ពុជា​សោកស្តាយ​ដែល​មិនមាន​ការដាក់បញ្ចូល​ប្រភេទ​ទាំងបី​នេះ ដែលជា​កីឡា​សក្តានុពល​របស់​ក​ម្ពុ​ជា​។​

​    ​សូមបញ្ជាក់ថា សម្រាប់​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​នារី ក្នុង​ទម្ងន់​៧៣​គីឡូក្រាម គឺ​កម្ពុ​ជាមាន​កីឡាការិនី ស៊ន សៀវ​ម៉ី ដែលជា​វីរ​កីឡាការិនី​របស់​កម្ពុជា​តែមួយ​រូប​គត់ ដែល​បានឈ្នះ​មេដាយមាស​ទ្វីបអាស៊ី កាលពីពេល​ថ្មីៗ កន្លងទៅនេះ ហើយ​បច្ចុប្បន្ន កំពុង​បន្ត​ការហ្វឹកហាត់​របស់ខ្លួន នៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ឆ្ពោះទៅ​ប្រកួត ដណ្តើម​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក អូឡាំពិក​ហ្គេម ឆ្នាំ​២០១៦ នៅ​ប្រទេស​ប្រេ​ស៊ី​ល ដែល​នឹង​ចូលមក​ដល់​នា ខែសីហា ខាងមុខនេះ​៕​

adverise with khmeread

មតិយោបល់