adverise with khmeread Index

លក់សាច់ឆ្កែសោះតាំងខ្លួនជាទាហានជេរប៉ូលិសត្រូវបានឃាត់ខ្លូន

    ភ្នំពេញ ៖ បុរស​ម្នាក់​លក់​សាច់​ឆ្កែ​សោះ បាន​តាំងខ្លួន​ជា​ទាហាន​រករឿង​និង​ជេរប្រមាថ​ប៉ូលិស​ដែល​កំពុង​ល្បាត​ការពារ​ក្នុង​មូលដ្ឋាន​ហើយ​ត្រូវ​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់ខ្លួន​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ ចាត់ការ​តាមច្បាប់​។​
    ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង ៩​យប់​ថ្ងៃទី២៩ ធ្នូ​ឆ្នាំ​២០១៥​នៅលើ​ផ្លូវ​បេតុង​ផ្សារ​អង្គ ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ  ខណ្ឌ​ពោធិ​សែន​ជ័យ ។​
    ប៉ូលិស​និយាយថា បុរស​ខាងលើនេះ​ឈ្មោះ ហុង សេង​ហ៊ អាយុ ៣០​ឆ្នាំ មុខរបរ​លក់​សាច់​ឆ្កែ ស្នាក់​ភូមិ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែ​កលោក ឃុំ​ព្រែក​ស្តី ស្រុក​កោ​ធំ ខេត្តកណ្តាល​។​
    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ ២​នាក់​បាន​ចុះទៅ​ចំណុច​ភូមិ​ខាងលើ ដោយសារ​តែមាន​គេ​រាយការណ៍​ថា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ។​
    ខណៈពេលដែល​កំពុងធ្វើកា​រ ក៏​លេខ​មុខ​បុរស​បង្កហេតុ​ជិះ​ម៉ូតូ​ទាំង​ខ្លួន​ស្រវឹង ស្រា​ផង​នោះ គឺ​ជិះ​ម៉ូតូ​ដែលមាន​ស្លាក​លេខ ខ​.​ម​1-1689 មក រោទ៍​សំឡេង​ខ្លាំងៗ ជិះ​ចុះ​ជិះ​ឡើង​២​ទៅ​៣​ជុំ រួច​ឈប់​ហើយ​ស្រែកជេរ​ដាក់​សមត្ថកិច្ច​ថា "​ស្អី​ហា៎​"​។​
    ឮដូច្នេះ សមត្ថកិច្ច​បាន​ចូលទៅ​សួរថា "​លោក​ឯង​ថា​ឲ្យ​អ្នកណា​គេ​? "​។​បុរស​បង្កហេតុ​បាន​ឆ្លើយ​វិញ​ថា "​អញ​ថា​ឲ្យ​អាណា អ្ហែង​កុំ​ចេះ "​ហើយ​ប្រាប់ទៀតថា​"​អញ​ជា​ទាហាន កុំ​ចង់​ខ្លាំង​គ្មាន​អ្នកណា​ហាន​ជាមួយ​អញ​ទេ​នៅ​ម្តុំ​នេះ "​។​
    បុរស​នោះបាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចាំ​គេ​មួយ​ភ្លែត​ចាំ​គេ​មកវិញ ។​ប៉ុន្តែ​សមត្ថកិច្ច​បាន​ចាប់ដក​សោ​ម៉ូតូ​ទុក ហើយ​បុរស​នោះបាន​ទូរស័ព្ទ​ហៅ​បងប្រុស​ម្នាក់ទៀត​ដែលជា​យោធា​មកជួយ និង​បាន​រុញច្រាន​កម្លាំង​សមត្ថកិច្ច​ថែម​ទៀតផង​។​
    បន្ទាប់មក​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​បាន​រាយការណ៍​ទៅប្រាប់​លោក​មេ​ប៉ុស្តិ៍ ប្រាប់​ពី​ដំណើរ​សាច់រឿង និង​បាន​សុំជំនួយ​ពី​អន្តរាគមន៍​ពី អាវុធហត្ថ​ខណ្ឌ​ឲ្យ​មកឃាត់​ខ្លួន​ពីព្រោះ​គេ តាំងខ្លួន​ជា​យោធា ទើប​ប្រគល់​ឲ្យ​អាវុធ​ជួយ​ឃាត់ខ្លួន​។​
   បច្ចុប្បន្ន បុរស​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍​ចោមចៅ កសាង​សំណុំរឿងប្រគល់​ឲ្យ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ ដើម្បី​រង់ចាំ​ថ្ងៃ​ឡើង​តុលាការ​៕​


adverise with khmeread

មតិយោបល់