ខ្សែបម្រើអេស្ប៉ាញ Saul Niguez រិះគន់ការសម្រេចចិត្តបណ្តេញគ្រូបង្វឹក Julen Lopetegui រយៈពេលពីរថ្ងៃមុនវើលខាប់ចាប់ផ្តើម

        ស្រមោលនៃការ​បណ្តេញ​គ្រូបង្វឹក​ Julen Lopetegui នៅមុន​ការប្រកួត​វើល​ខាប់ចាប់ផ្តើម​នៅតែ​តាម​លង​ក្រុម​អេស្ប៉ាញ​នៅឡើយ​ ខណៈពួកគេ​គ្រោង​ប្រកួត​លើក​ចុងក្រោយ​ជាមួយ​ក្រុម Morocco នៅពហុកីឡាដ្ឋាន Kaliningrad បន្ទាប់ពី​ខ្សែបម្រើ Saul Niguez រិះគន់​ការសម្រេចបណ្តេញចេញនេះជា​ចំហ។

        ការអត្ថាធិប្បាយ​ពីកីឡាករ​របស់អេស្ប៉ាញ​ចាប់តាំងពី​លោក Lopetegui ត្រូវ​បាន​បណ្តេញចេញដោយ​ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ​លោក Luis Rubiales ដោយ​សារតែចរចាស្ងាត់ៗចូល​ដឹកនាំ​ក្រុម Real Madrid នោះគឺថា ពួកគេ​ទទួល​យក​វិធានការ​នេះ ប៉ុន្តែអះអាងថា ចំណាត់ការនេះធ្វើ​ឲ្យ​ប៉ះពាល់ដល់​យុទ្ធនាការ​នៅវើលខាប់របស់ពួកគេ។

        Saul ដែលស្គាល់លោក Lopetegui ចាប់តាំងពី​លោកនៅដឹកនាំ​ក្រុម​ជម្រើស​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​ បាន​ផ្តល់បទសម្ភាសមួយដល់ទូរទស្សន៍អេស្ប៉ាញ​កាល​ពីថ្ងៃសៅរ៍​ ដោយ​អះអាងថា កីឡាករ​គួរតែមាន​មតិ​ជុំវិញ​ការ​សម្រេចចិត្ត​នេះ។

        Saul បាន​និយាយថា “​វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ហើយ​ខ្ញុំគិត​ថា បើទោះបីជា​​មាន​មូលហេតុនៅពីក្រោយ​ការសម្រេចចិត្ត​នេះ កីឡាករ​មិនបាន​និយាយពីរឿងនេះទេ ហើយ​វាមិនមែនជា​ពេល​វេលាសមស្របផងដែរ”។

        Saul បាន​និយាយថា “លោក Julen ស័ក្តិសម​នឹង​បន្តដឹកនាំ​ បន្ទាប់ពី​លោក​បាន​ចំណាយ​ពេល​ពីរឆ្នាំ​រៀបចំយើងទាំងអស់គ្នា​សម្រាប់​វើលខាប់។ ប្រាកដ​ណាស់ វាពិតជា​ប៉ះពាល់យើង​ទាំង​អស់គ្នា ដោយសារតែការសម្រេចបណ្តេញចេញ​នេះកើត​មានពីរ​ថ្ងៃមុន​ពេល​យុទ្ធនាការ​វើលខាប់ចាប់ផ្តើម​។ សហព័ន្ធបាល់ទាត់​ប្តូរ​គ្រូបង្វឹក​។ វាពិតជាប៉ះពាល់​ ប៉ុន្តែ​យើងត្រូវ​តែ​រឹងមំា”។

        គ្រូបង្វឹក​បណ្តោះ​អាសន្ន Fernando Hierro ដែល​ធ្លាប់ធ្វើជា​ប្រធាន​ផ្នែក​បច្ចេក​ទេស​របស់ក្រុម​បាន​និយាយថា លោកគ្មានបញ្ហា​ជាមួយការអត្ថាធិប្បាយ​របស់​ Saul ទេ។ លោកបាននិយាយថា “​វាសមហេតុផល បែបធម្មតា​ហើយ​នេះគឺជា​អ្វីដែល​គ្រប់គ្នា​យល់ឃើញ”។

        ក្រុម​អេស្ប៉ាញ​នឹង​ឆ្លងទៅវគ្គ​១៦ក្រុមចុងក្រោយ​ ត្រឹម​ស្មើ​ជាមួយ​ក្រុម​ម៉ារ៉ុក​ ហើយ​បើចង់ឈរនៅលកំពូល​តារាង ពួកគេត្រូវតែរក​ឲ្យ​បាន​គ្រាប់បាល់ច្រើន​បំផុត៕

-->
adverise with khmeread