ចិនព្រមានអំពីផលវិបាក បើកាណាដាមិនព្រមដោះលែងកូនស្រីម្ចាស់ក្រុមហ៊ុន Huawei និង កោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប៉េកាំងដើម្បីស្តាប់ការតវ៉ា

ចិនបានប្រាប់ទៅប្រទេសកាណាដាថា នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ បើសិនជាប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei មិនត្រូវបានដោះលែង។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Le Yucheng បានចេញសេចក្តីព្រមានកាលពីថ្ងៃសៅរ៍ក្នុងអំឡុងពេលជំនួបជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំក្រុងប៉េកាំង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

ការចាប់ខ្លួនលោកស្រី Meng Wanzhou ដែលប្រឈមមុខនឹងការចោទប្រកាន់ពីការលួចបន្លំនៅអាមេរិកពាក់ព័ន្ធនឹងការរំលោភលើការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់  បានធ្វើឱ្យក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង ចំពេលដែលមានការផ្អាកជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក។

លោកស្រី Meng ជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei ត្រូវបានគេឃុំឃាំងនៅពេលលោកស្រីកំពុងរង់ចាំការសម្រេចរបស់តុលាការកាណាដាស្តីពីការធានានៅក្រៅឃុំនៅថ្ងៃចន្ទនេះ។

Le Yucheng បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Terry Branstad នៅថ្ងៃនេះ និងបានស្នើសុំឱ្យគាត់ធ្វើអន្តរាគមន៍នៅក្នុងការឃុំខ្លួនរបស់លោកស្រី Meng។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Le Yucheng បានចង្អុលបង្ហាញថាភាគីអាមេរិកបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនចិន ហើយលក្ខណៈនៃការរំលោភបំពាននោះ គឺអាក្រក់ខ្លាំងណាស់។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា "ភាគីចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់និងសូមអំពាវនាវយ៉ាងខ្លាំងឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជំហរដ៏សមហេតុសមផល និងយុត្តិធម៌របស់ចិន។ ប្រទេសចិនក៏បានជំរុញឱ្យសហរដ្ឋអាមេរិកចាត់វិធានការភ្លាមៗ ដើម្បីកែតម្រូវការអនុវត្តខុសច្បាប់ និងលុបចោលដីកាចាប់ខ្លួនប្រឆាំងនឹងពលរដ្ឋចិន"៕


 

-->
adverise with khmeread