លួចស្លាកលេខរថយន្តបានខាងមុខ ហើយតាមមកលួចខាងក្រោយទៀត

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសន្តិសុខរួមនិងប្រជាពលរដ្ឋដេញស្ទាក់ចាប់បាន ក្រោយពីធ្វើសកម្មភាព លួចស្លាកលេខរថយន្តរបស់ថៅកែក្លឹប ស្កាយបារ កាលពីវេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី៩ ធ្នូ ២០១៨ ត្រង់ចំណុចមុខក្លឹបស្កាយបា តាមបណ្តោយផ្លូវស៊ីសុវត្តិ (មាត់ទន្លេ) ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យមានឈ្មោះ ជួន ពង់ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំទួលគោកតាមសម្តីជនសង្ស័យបានប្រាប់ថាស្លាក លេខដែលលួចបានយកទៅលក់នៅផ្សារឃ្លាំងរំសេវបានចំនួនជាង១០ ដុល្លា។

បើតាមសាក្សីពីសន្តិសុខដែលយាមនៅមុខក្លឹបស្កាយបារបានប្រាប់សារព័ត៌មាន BBN បានឲ្យដឹងថាដំបូងឡើយគឺម្ចាស់រថយន្ត ជាថៅកែក្លឹបស្កាយបារ ម៉ាកហ៊ីយិនដាយស៊េរី ទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2AW-3558 បានចតនៅមុខក្លឹប ហើយបានប្រាប់សន្តិសុខ(រូបគាត់)ថា បាត់ស្លាកលេខខាងមុខ សន្តិសុខក៏ដើរមកមើល ទើបឃើញបាត់មែន ហើយក៏ពួនសម្ងំចាំមើល ក្រែងមកឆ្កឹះយកស្លាកលេខខាងក្រោយទៀត។ 

បានមួយសន្ទុះក្រោយមកស្រាប់តែឃើញជនសង្ស័យម្នាក់ ដើរមកក្បែររថយន្ត ហើយក៏ធ្វើសកម្មភាពគាស់ស្លាកលេខរថយន្តនៅខាងក្រោយ។ សន្តិសុខក៏ដេញចាប់ជនសង្ស័យ ហើយជនសង្ស័យបានព្យាយាម រត់មកដល់មុខខ្លោងទ្វារវត្តឧណ្ណាលោម ក៏ត្រូវប្រជាពលរដ្ធជួយចាប់បាន ស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ច។

ក្រោយមក សមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្ដិ៍ជ័យជំនះ បានយកជនសង្ស័យ ទៅប៉ុស្តិ៍ដើម្បីសួរនាំនិងឱ្យជនរងគ្រោះ ដែលជាជនជាតិចិនជាថៅកែក្លឹបស្កាយបា ដើម្បីទៅដាក់ពាក្យបណ្ដឹង។ 

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌដូនពេញ ទៅតាមនីតិវិធីនៃច្បាប់៕

-->
adverise with khmeread