Pacquiao យកខ្សែក្រវាត់ WBA មកដាក់ប្រកួតដណ្តើមជាមួយ Adrien Broner ព្រឹកថ្ងៃអាទិត្យនេះ តោះស្តាប់អ្នកទាំងពីរនិយាយ និងប្រាក់ដែលរំពឹងទទួលបាន

Manny Pacquiao បាននិយាយថា គាត់នឹងសបញ្ជាក់ថា "អាយុគ្រាន់តែជាតួលេខ" នៅពេលអ្នកប្រដាល់រូបនេះប្រយុទ្ធជាមួយនឹងកីឡាករអាមេរិក Adrien Broner នៅទីក្រុងឡាសវេហ្គាស នារាត្រីថ្ងៃសៅរ៍ទី១៩មករាវេលាម៉ោង ៩ យប់នៅអាមេរិក (ម៉ោង៩ព្រឹកតទៅនៅថ្ងៃអាទិត្យនៅកម្ពុជា)។

អ្នកប្រដាល់ហ្វីលីពីនរូបនេះនឹងការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោកក្របខ័ណ្ឌ WBA របស់ខ្លួនជាមួយនឹងអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក៤ប្រភេទ Adrien Broner។

វានឹងក្លាយជាការប្រកួតអាជីពលើកទី ៧០ របស់ Pacquiao  ពោលគឺ២៤ឆ្នាំហើយបន្ទាប់ពីរូបគេបានបង្ហាញខ្លួនលើកដំបូង។

Pacquiao បាននិយាយថា "នេះគឺជាការប្រឈមមួយ ពីព្រោះវាជាការប្រកួតលើកដំបូងរបស់ខ្ញុំក្នុងនាមជាកីឡាករវ័យ ៤០ ឆ្នាំ។ ខ្ញុំមានអ្វីមួយដើម្បីបង្ហាញដល់មនុស្សគ្រប់គ្នាឱ្យដឹងថាតើវាមានន័យយ៉ាងណា"។

Pacquiao បានបន្ថែមថា "អាយុគឺគ្រាន់តែជាតួលេខមួយប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺថាតើអ្នកត្រៀមខ្លួនរបៀបណា ហើយដូច្នេះអ្នកត្រូវតែប្រឹងប្រែងឱ្យខ្លាំង"។

Pacquiao ដែលបានចាប់ផ្តើមប្រដាល់រកប្រាក់បានត្រឹម ២ ដុល្លារដើម្បីជួយម្តាយរបស់គាត់ចិញ្ចឹមគ្រួសារ ឥឡូវនេះគឺជាសមាជិកព្រឹទ្ធសភានៅស្រុកកំណើតរបស់គាត់និងបានលើកឡើងថាល្បែងអុកនិងការអានសៀវភៅគឺជាកត្តាសំខាន់ក្នុងការរក្សាចិត្តគំនិត "នឹងធឹងល្អ" សម្រាប់ដំណាក់កាលនេះនៃអាជីពរបស់គាត់។

កីឡាករអាមេរិក Broner  អាយុ ២៩ ឆ្នាំគឺជាអត្តពលិកពោរពេញដោយរឿងចម្រូងចម្រាស់បំផុត ដែលថ្មីៗនេះត្រូវបានចាប់ខ្លួនពីបទបើកបរបំពានច្បាប់កាលពីខែធ្នូ។

នៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ Broner បាននិយាយកំប្លែងរសើបដៀមដាមដាក់ពួកអ្នកគាំទ្រហ្វីលីពីនទៀតផង។

Broner រហស្សនាមថា "The Problem" សង្កៀសចិត្តជាខ្លាំងចំពោះការកើនឡើងនៃការអំពាវនាវឱ្យ Pacquiao ប្រកួតសងសឹកជាមួយ Floyd Mayweather ដែលបានផ្តួលកីឡាករហ្វីលីពីននេះក្នុងឆ្នាំ ២០១៥ ហើយនឹងចូលរួមទស្សនានៅក្នុងព្រឹត្តិការណ៍ MGM Grand នៅថ្ងៃសៅរ៍នេះផងដែរ។

Broner និយាយថា "មនុស្សម្នាកំពុងនិយាយច្រើនអំពី Pacquiao ប្រកួតសងសឹកជាមួយ Floyd Mayweather ប៉ុន្តែខ្ញុំប្រាកដណាស់ថា Floyd បានចូលនិវត្តន៍ហើយ។ ខ្ញុំមានអារម្មណ៍ថា មនុស្សកំពុងព្យាយាមបោះខ្ញុំចូលទៅហ្វូងចចក ហើយមើលរំលងរូបខ្ញុំ"។

Broner បន្តថា "ក្រឡេកមើលការប្រកួត ៥ លើកចុងក្រោយរបស់ខ្ញុំ ខ្ញុំបានវាយដណ្តើមជើងឯកពិភពលោកមួយហើយមួយទៀត។ ខ្ញុំមិនដែលចាវការប្រកួតណាមួយទេ។ ខ្ញុំមិនខ្វល់ថាតើរូបគេឈ្នះខ្សែក្រវាត់ក្នុងប្រភេទទម្ងន់អ្វីនោះទេ។ ខ្ញុំមិនដែលខ្លាចអ្នកប្រដាល់ណាម្នាក់ទេ ជាពិសេស Manny Pacquiao។ ខ្ញុំសង្ឃឹមថារូបគេខ្លាចខ្ញុំ។ ខ្ញុំក៏ជាអ្នកប្រយុទ្ធដ៏អស្ចារ្យម្នាក់ដែរ។ ខ្ញុំបានបង្កើតប្រវត្តិសាស្ត្រក្នុងកីឡាមួយនេះ។ ខ្ញុំនឹងបំបាក់គាត់ឱ្យបាន រួចហើយបបួលគាត់ផឹកពេលចប់ការប្រកួត"។

Pacquiao បានឆ្លើយតបទៅនឹងបរាជ័យក្រោមថ្វីដៃកីឡាករអូស្ត្រាលី Jeff Horn ក្នុងឆ្នាំ ២០១៧ ដោយផ្តួលកីឡាករ Lucas Matthysse កាលពីខែកក្កដាឆ្នាំ២០១៨ ដើម្បីឈ្នះខ្សែក្រវាត់ពិភពលោកនិងពង្រីកកំណត់ត្រាឈ្នះរបស់គាត់រហូតដល់ ៦០ ដង ចាញ់ ៧ ដង និងស្មើ ២ ដង។ កីឡាករ Broner បានប្រកួតស្មើនិងចាញ់ក្នុង២លើកចុងក្រោយ ដោយធ្វើឱ្យរូបគេទទួលបានកំណត់ត្រាឈ្នះ ៣៣ដង ចាញ់ ៣ដង និងស្មើម្តង។
 
យោងតាម​តួលេខ​ដែល​ទទួលបាន​ដោយ​ទូរទស្សន៍ ESPN កីឡាករ Pacquiao ​នឹង​ទទួលបាន​ប្រាក់​ចំនួន ១០ លាន​ដុល្លារ​សម្រាប់​ការដាក់​ខ្សែក្រវាត់​របស់គេ​មក​ប្រកួត​ដណ្តើម​គ្នា​នៅ​ថ្ងៃ​សៅរ៍​នៅក្នុង​សង្វៀន MGM Grand Garden Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស ខណៈ​ Broner ​នឹង​ទទួលបាន​ប្រាក់ ២,៥ លាន​ដុល្លារ​។ ទោះយ៉ាងណា អ្នក​ប្រដាល់​ទាំងពីរ​ក៏​នឹង​ទទួល​ប្រាក់​ម្នាក់​មួយ​ភាគរយ​ទៀត​ពី​ប្រាក់ចំណេញ​ពី​ការផ្សាយ​ផ្ទាល់​ផងដែរ​៕ 
 

-->
adverise with khmeread