ចាប់ខ្លួនបុរស២នាក់ក្លែងបន្លំថាជាសាច់ញាតិកូនលោកឧបនាយករដ្ឋមន្ត្រី យឹម​ ឆៃលី ឆបោកលុយរាប់ម៉ឺនដុល្លាររើសក្របខណ្ឌកងទ័ព

ភ្នំពេញ ៖​ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនឆបោក២នាក់ក្លែងបន្លំថាជាសាច់ញាតិ លោក យឹម លាង (កូនលោកឧបនាយករដ្ឋមន្ត្រីយឹម​ ឆៃលី) បោកយកលុយជនរងគ្រោះប្រហែល១០០នាក់បានប្រាក់ រាប់ម៉ឺនដុល្លារ ដោយប្រាប់ថា "រត់ការចូលក្របខណ្ឌកងទ័ព"ទៅតុលាការនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ។ 

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា​ ជនសង្ស័យទី១-ឈ្មោះថា ប៊ិន ឡាច ហៅ វ៉ែន សារ៉ាត់ ភេទប្រុស ឆ្នាំកំណើត១៩៦២ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋាន ណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា និងជនសង្ស័យទី២-ឈ្មោះ ឈ្មោះ តុប គឹមហុង ហៅ យឹម ឈុនហុង ភេទប្រុស ឆ្នាំកំណើត១៩៧៣ ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចទល់មុខភោជនីយដ្ឋានព្រឹកថ្មីល្ងាចស្រស់ ផ្លូវ១១៥កែង២៧៤ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ បានសារភាពថា ឈ្មោះ តុប គឹមហុង បានប្រើល្បិច ប្តូរឈ្មោះជា យឹម គឹមហុង កុហកជនរងគ្រោះថា"ជាបងប្អូនជីដូនមួយរបស់លោក យឹម លាង ព្រមទាំងកុហកជនរងគ្រោះទៀតថា នៅពេលឆាប់ៗខាងមុខនេះ លោក យឹម លាង នឹងទៅកាន់អគ្គនាយកដ្ឋានវិស្វកម្ម ហើយបង្កើតនាយកដ្ឋានថ្មីចំនួន៦ ត្រូវការជ្រើសបុគ្គលិក៣០០នាក់ ហើយគេអាចបញ្ចូលក្របខណ្ឌបាន ដោយត្រូវចំណាយប្រាក់ទៅតាមឋានន្តរសក្តិ ។ 

ជនសង្ស័យបន្តថា​ ទឹកប្រាក់ត្រូវចំណាយគឺ ថ្នាក់វរសេនីយ៍ តម្លៃ ៥,៥០០$ ទៅ ៦,០០០$ ;ថ្នាក់អនុសេនីយ៍ឯក តម្លៃ ៤,៥០០$ ទៅ ៥,០០០$ ;ថ្នាក់អនុសេនីយ៍ទោ តម្លៃ ៣,៥០០$ ទៅ ៤,០០០$ ;ថ្នាក់អនុសេនីយ៍ត្រី តម្លៃ ២,០០០$ ទៅ ២,៥០០$ និង ថ្នាក់ពលទាហាន តម្លៃ ៧០០$ ទៅ ១,០០០$។ 

មន្ត្រីដដែលបន្តថា ពួកគេបានធ្វើសកម្មភាពបែបនេះ ឆបោកប្រាក់ ពីជងរងគ្រោះ សរុបប្រមាណ១០០នាក់ហើយ តែពុំមានជនរងគ្រោះណាម្នាក់បានចូលក្របខណ្ឌឡើយ ។ រហូតមានជនរងគ្រោះម្នាក់មានការសង្ស័យ ក៏ប្តឹងមកកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យជួយធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab