Jack Ma និង Elon Musk ជជែកដេញដោលគ្នារឿងបច្ចេកវិជ្ជា AI តឹងសសៃកដាក់គ្នា ផ្អើលក្រុងសៀងហៃ

លោក Jack Ma ជឿថា បច្ចេកវិជ្ជាបញ្ញាសិប្បនិម្មិត (AI) មិនបង្កការគំរាមកំហែងដល់មនុស្សជាតិទេ ប៉ុន្តែលោក Elon Musk បានហៅសម្តីរបស់លោក Ma ថា "សម្តីល្បីចុងក្រោយ" នៅពេលដែលមហាសេដ្ឋីបច្ចេកវិជ្ជាទាំងពីររូបប្រឈមមុខគ្នាកាលពីថ្ងៃព្រហស្បតិ៍ទី២៩សីហា នៅក្នុងការជជែកដេញដោលម្តងម្កាលទាក់ទងនឹងអនាគតនិយមនៅទីក្រុងសៀងហៃ។

សហស្ថាបនិកក្រុមហ៊ុន Alibaba ជនជាតិចិន និង អ្នកឧស្សាហកម្មនៅពីក្រោយក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX ជាញឹកញយបានបង្ហាញទឹកអឿរៀងៗខ្លួន​ នៅពេលពួកគេចាប់ផ្តើមសន្និសីទ AI ជាមួយការសន្ទនាដែលជំរុញឱ្យអ្នកចូលរួមតាមដានសាច់រឿងជាច្រើន គឺចាប់ពីបច្ចេកវិជ្ជារហូតដល់ ភពព្រះអង្គារ ការស្លាប់ និង ការងារ។

ទោះយ៉ាងណា ប្រធានបទដ៏ក្តៅគគុកនៅក្នុងកិច្ចពិភាក្សារយៈពេលមួយម៉ោងនេះគឺ AI ដែលបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមក្រុមអ្នកវិទ្យាសាស្ត្រ ដូចជា អ្នកវិទ្យាសាស្ត្រអង់គ្លេសទើបស្លាប់ទៅ លោក Stephen Hawking ដែលបានព្រមានថា ទីបំផុត AI នឹងងាកមកបំផ្លាញមនុស្សជាតិវិញ។

លោក Ma បាននិយាយថា "កុំព្យូទ័រអាចឆ្លាតវៃក៏ពិតមែន ប៉ុន្តែមនុស្សមានភាពវ័យឆ្លាតជាង។ យើងបានបង្កើតកុំព្យួទ័រ ប៉ុន្តែខ្ញុំមិនដែលឃើញកុំព្យូទ័របង្កើតមនុស្សទេ"។ ខណៈទទូចថាគាត់មិនមែនជាអ្នកជំនាញខាងបច្ចេកវិជ្ជា មហាសេដ្ឋីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចរូបនេះបានបន្ថែមថា "ខ្ញុំគិតថា AI អាចជួយឱ្យយើងយល់ពីមនុស្សបានកាន់តែច្បាស់។ ខ្ញុំមិនគិតថាវាជាការគំរាមកំហែងទេ"។

លោក Musk បាននិយាយតបទៅលោក Ma ថា "ខ្ញុំមិនដឹងដែរ តែមើលទៅវាប្រហែលជា សម្តីល្បីចុងក្រោយ"។ លោកបាននិយាយថា "ជាទូទៅ អត្រានៃភាពជឿនលឿនរបស់កុំព្យូទ័រគឺសាហាវណាស់" ដោយបង្ហាញចក្ខុវិស័យថា ឧបករណ៍ឆ្លាតវៃដែលមានល្បឿនលឿននិងឆ្លាតវៃបំផុតនោះ នៅទីបំផុត អាចធុញទ្រាន់ក្នុងការប្រាស្រ័យធ្វើការជាមួយមនុស្សដែលល្ងង់ខ្លៅនិងស្ពឹកស្រពន់។

លោក Musk និយាយថា "និយាយមួយបែប កុំព្យួទ័រគឺមិនចេះអត់ធ្មត់ឡើយ។ វាគឺដូចនិយាយជាមួយដើមឈើអ៊ីចឹង"។ លោក Musk និយាយថា ក្តីសង្ឃឹមរបស់មនុស្សជាតិគឺស្ថិតលើ "ការអមដំណើរកំដរ AI" តាមរយៈការទាញយកថាមពលកុំព្យូទ័រមួយចំនួនមកប្រើប្រាស់ ខណៈគាត់បានផ្តល់នូវកម្មវិធីជំនួយគ្មានការរំខានសម្រាប់ក្រុមហ៊ុន Neuralink Corporation របស់គាត់កន្លងមករួចមកហើយដែរ។

ក្រុមហ៊ុន Neuralink មានគោលបំណងបង្កើតមនុស្សយន្តបំពាក់ម៉ាស៊ីនខួរក្បាល ដែលអាចភ្ជាប់រូបភាព "ម៉ាទ្រីស" ដើម្បីទាញយកសូហ្វវែតួអង្គផ្សេងៗទៅខួរក្បាលរបស់វា រួចប្រែកាយទៅជាគ្រូក្បាច់គុនដ៏ចំណាន។

លោក Musk អាយុ ៤៨ ឆ្នាំបាននិយាយថា "ឥឡូវនេះ យើងបានក្លាយជា Cyborg (មនុស្សប្រឌិត) រួចទៅហើយ ពីព្រោះយើងបានរួមបញ្ចូលយ៉ាងល្អជាមួយទូរស័ព្ទនិងកុំព្យូទ័ររបស់យើង។ ទូរស័ព្ទគឺប្រៀបបីដូចជាផ្នែកនៃខ្លួនប្រាណរបស់យើងអ៊ីចឹង។ ប្រសិនបើអ្នកភ្លេចទូរស័ព្ទរបស់អ្នក វាគឺដូចបាត់អវយវៈចឹង"។

លោក Ma បាននិយាយថា ប៉ុន្តែមនុស្សជាតិក៏នឹងមានពេលសម្រាកលំហែកាយកាន់តែច្រើននាពេលអនាគតផងដែរ ព្រោះ AI នឹងទទួលបន្ទុកខាងដឹកជញ្ជូន បញ្ចុកចំណីអាហារ និងគិតគូរខាងវិទ្យាសាស្ត្រជំនួសមនុស្ស។ លោក Ma និយាយថា "មនុស្សអាចធ្វើការតែបីថ្ងៃក្នុងមួយសប្តាហ៍ បួនម៉ោងក្នុងមួយថ្ងៃ ដោយមានជំនួយពីបច្ចេកវិជ្ជាជឿនលឿន"។

លោក Ma អាយុ ៥៤ ឆ្នាំ ដែលលាឈប់ពីតំណែងនៅខែក្រោយក្នុងនាមជាប្រធានក្រុមហ៊ុន Alibaba Group បានចោទជាមន្ទិលអំពីការជំរុញរបស់លោក Musk ក្នុងការអភិវឌ្ឍយានអវកាសដែលអាចជួយយើងធ្វើអាណានិគមលើភពព្រះអង្គារ។

លោក Ma បាននិយាយថា "យើងត្រូវការវីរបុរសដូចលោក ប៉ុន្តែយើងត្រូវការវីរបុរសបន្ថែមទៀតដូចពួកយើងដើម្បីកែលម្អអ្វីៗនៅលើផែនដីឱ្យប្រសើរឡើង"។

លោក Musk បានតបវិញថា យើងត្រូវតែសម្រេចឱ្យបានសិនលើការធ្វើដំណើរទៅវិញទៅមកភពក្រៅ ក្នុងករណីដែលផែនដីក្លាយជាកន្លែងមិនអាចរស់នៅបាន។ អ្នកវិទ្យាសាស្ត្រដូចជាលោក Hawking បាននិយាយដូចគ្នានេះដែរដោយលើកឡើងពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ វីរុសបំផ្លិចបំផ្លាញ កម្តៅផែនដី ឬ ការបុកទង្គិចដោយអាចម៍ផ្កាយ។

ប៉ុន្តែកុំបារម្ភ ៖ អ្នកទាំងពីរបានឯកភាពគ្នាថា មរណភាពរបស់មនុស្សគឺជារឿងល្អ ព្រោះមនុស្សពីមួយជំនាន់ទៅមួយជំនាន់ពាំនាំមកនូវគំនិតថ្មីៗចំពោះបញ្ហាពិភពលោកដែលយើងប្រឈមមុខ។

លោក Ma បាននិយាយថា "វាពិតជាអស្ចារ្យណាស់ក្នុងការស្លាប់"៕ 

adverise with khmeread
tiger
Loading ad ...