ជម្រុះវើលខាប់២០២២ ៖ កម្ពុជាចាញ់ភ្ញៀវបារ៉ែន ០-១ ក្នុងការប្រកួតដ៏តានតឹង

ជម្រើសកម្ពុជាបានបើកទ្វារផ្ទះស្វាគមន៍បារ៉ែនក្នុងការប្រកួតជម្រុះវើលខាប់២០២២ ជុំទី២ ក្នុងពូល C ក្នុងពហុកីឡាដ្ឋានអូឡាំពិកនៅថ្ងៃអង្គារនេះ ដោយបញ្ចប់ទៅក្នុងលទ្ធផលចាញ់ ០-១ ក្នុងការប្រកួតដ៏តានតឹង។ សរុប ២ ប្រកួតមកនេះ កម្ពុជាទទួលបាន១ពិន្ទុ បន្ទាប់ពីប្រកួត១ស្មើជាមួយហុងកុងនៅថ្ងៃប្រកួតជុំទី១កាលពីថ្ងៃទី៤កញ្ញា។ 

កម្ពុជាគ្រប់គ្រងបាល់ខ្លីបានល្អ ប៉ុន្តែចាញ់កាយសម្បទាបារ៉ែនយ៉ាងខ្លាំង ដែលជាហេតុនាំឱ្យក្រុមគោព្រៃកម្ពុជាពិបាកនឹងចូលដល់តំបន់គ្រោះថ្នាក់របស់បារ៉ែន។ តែទោះយ៉ាងណា គោព្រៃក៏បានបង្កើតឱកាសគ្រោះថ្នាក់ម្តងម្កាលនៅមុខទីបារ៉ែនផងដែរ នៅពេលមានការវាយកាត់ពីខាងឆ្វេងចេញពីជើងកីឡាករ សាត រ៉ូស៊ីប នៅតង់ទី១។ 

បារ៉ែនព្យាយាមដាក់សម្ពាធលើកម្ពុជាដោយការលេងបាល់វែងនិងបាល់ហោះ ទោះយ៉ាងណា ឱកាសស៊ុតស្អាតៗរបស់បារ៉ែននៅក្នុងប្រអប់គ្រោះថ្នាក់កម្ពុជាគឺមានតិចតួចប៉ុណ្ណោះ ហើយពួកគេព្យាយាមស៊ុតពីចម្ងាយភាគច្រើន។

គួរឱ្យសោកស្តាយ នៅនាទីទី៧៧ កីឡាករ Kamil Al-Aswad បានស៊ុតបញ្ចូលទី បន្ទាប់ពីការបញ្ជូនបាល់ជ្រុងធ្លាក់ចំជើងកីឡាកររូបនេះស៊ុតនៅកៀកទី។ 

កីឡាករគោព្រៃកម្ពុជាបានប្រឹងអស់ពីសមត្ថភាពគួរឱ្យសរសើរនៅពេលប៉ះក្រុមខ្លាំងមកពីប៉ែកមជ្ឈិមបូព៌ាគីឡូធ្ងន់បែបនេះ ដែលសឹងតែធ្វើឱ្យបារ៉ែនពិបាករកពេលដកដង្ហើមឱ្យស្រួលពុំបាន ដោយសារតែការព្យាយាមរត់ដេញតាមដាក់សម្ពាធបារ៉ែន។ លទ្ធផលបញ្ចប់ គឺបារ៉ែនឈ្នះកម្ពុជា១សូន្យទាំងលំបាក៕ 

 

   

adverise with khmeread
tiger
Loading ad ...