រថយន្ដដឹកភេសជ្ជៈខារ៉ាបាវឈប់ដោយពុំដាក់ស្លាកសញ្ញាត្រូវបានបុរសម្នាក់បើកម៉ូតូកង់បីបុកស្លាប់

កណ្ដាល​ ៖​ រថយន្ដមួយគ្រឿងដឹកភេសជ្ជៈខារ៉ាបាវបានឈប់លើចិញ្ចើមផ្លូវប៉ះកង់បែក ដោយពុំដាក់ស្លាកសញ្ញាត្រូវបានបុរសម្នាក់បើកម៉ូតូកង់បីបុករងរបួសធ្ងន់ ហើយបានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ កើតឡើងនាវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះស្លាប់ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយធំ ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាក LONCIN YUEJN ប្រភេទកង់៣ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង1O-2263 ។ ចំណែករថយន្ដម៉ាក HYUNDAI ពណ៌បៃតង ប្រភេទដឹកទំនិញធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3B -7464 បើកបរដោយឈ្មោះ ណាត បូរី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។

ប៉ូលិសបន្ដថា ដំបូងគេបានឃើញរថយន្ដម៉ាក HYUNDAI ពណ៌បៃតងដឹកភេសជ្ជៈខារ៉ាបាវ ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង។  លុះបើកមកដល់ចំណុចកើតហេតុ រថយន្ដខាងលើ បានចតលើចិញ្ចើមផ្លូវដើម្បីប៉ះកង់ ដោយពុំបានដាក់ស្លាកសញ្ញាសម្គាល់អ្វីនោះទេ ។ ខណៈនោះស្រាប់តែមានម៉ូតូកង់បីមួយគ្រឿង បើកបរដោយល្បឿនលឿន បានបុករថយន្ដពីក្រោយពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូកង់បីទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចុំជំនាញចរាចរណ៍ស្រុក បានចុះមកធ្វើការអន្ដរាគមន៍ហៅរថយន្ដសាមុយរបស់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ដឹកជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែដោយស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់ខណៈដល់មន្ទីរពេទ្យ ។ 

ដោយឡែករថយន្ដនិងម៉ូត ត្រូវបានសមត្ថកិច្ចជំនាញ ចុះពិនិត្យធ្វើការវាស់វែង រួចកសាងឯកសារយកមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំពោះសាកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ទៅជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...