សាឡង់បើកបុកស្ពានអស់ពីរ​ គ្មានចំណាត់ការពីសមត្ថកិច្ចលើម្ចាស់សាឡង់

ភ្នំពេញ​ ៖​ អស់ពីរឿងមួយចូលរឿងមួយកើតឡើងដដែលៗ​ ហើយម្ចាស់សាឡង់ទាំង២នៅមិនទាន់ឃើញសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់នៅឡើយ​ ដែលមហាជនបានខំមិនជាបន្តបន្ទាប់ថា​ អ្នកប្រព្រឹត្តខុសជាអ្នកមានមុខមាត់ធំ​ អាខ្នង​ ដែលសមត្ថកិច្ចមិនហ៊ានចាត់ការ ។ល។ 

រឿងនោះគឺសាឡង់ដែលដឹកដីខ្សាច់បុកសសរស្ពានព្រែកតាមាក់នៅដើមសប្តាហ៍នេះ​ កៀបជាប់ស្ពានទាញមិនចេញ​ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋទូទៅ។ ករណីនេះលោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះបញ្ជាផ្ទាល់ទាញយកសាឡង់ចេញ​កាលពីរសៀលថ្ងៃទី១១ កញ្ញា  ក្រោយពេលបើកបុកបាន៣ថ្ងៃ។ ជាលទ្ធផលគឺមិនអាចទាញសាឡង់ចេញបានឡើយ​ ព្រោះទឹកហូរខ្លាំង​បណ្តាលឱ្យដាច់ខ្សែកាប​ ខណៈពេលទាញយកសាឡង់ចេញ​។ 

ជុំវិញករណីនេះ​ ប្រជាពលរដ្ឋបានសំណូមពរដល់មន្ត្រីជំនាញ​ប្រសិនឈប់បានឈប់ទៅ​ គួរតែឱ្យអ្នកបូមខ្សាច់ផ្អាកសិនទៅ​  ពេលទឹកស្រក់ចាំបន្តទៀតបានទេ? ហើយការបូមនៅពេលទឹកឡើងហូរខ្លាំងបែបនេះវាបានបង្កឱ្យបាក់ច្រាំងទន្លេជាបន្តបន្ទាប់ដល់លំនៅដ្ឋានពលរដ្ឋ​ ហើយអ្នកដែលពិបាកគឺមន្ត្រីមូលដ្ឋាន។ មកទល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ប្រាប់ឈ្មោះម្ចាស់សាឡាងនៅឡើយ​។ 

ចំណែកស្ពានដែកបាឡេឫស្សីកែវ ត្រូវបានសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិចរបស់លោកជំទាវ ជឹង សុភាព ហៅ យាយភូ បើកបុករងការខូចខាតមួយផ្នែកនៃសសរ និងតួស្ពាន​ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចផ្អាកចរាចរណ៍លើស្ពានដែកបាឡេឫស្សីកែវជា បណ្តោះអាសន្នកាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩​។ 

មន្ត្រីជំនាញសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បាននិយាយថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរ បានសម្រេចផ្អាកចរាចរណ៍ស្ពានដែកបាឡេឬស្សីកែវ ជាបណ្តោះអាសន្នសិន ដោយសារតែ មានសាឡង់ដឹកប្រេងបុកកាលពីយប់។ ករណីនេះមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យទីតាំងកើតហេតុ ដើម្បីរកឱ្យឃើញនូវការខូចខាត និងផលប៉ះពាល់។ នៅពេលពិនិត្យចប់អាជ្ញាធរនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការជម្រាបដល់សាធារណជន៕

adverise with khmeread
tiger
Loading ad ...