ឃាត់បាន២នាក់, រត់រួចម្នាក់​ ខណៈកំពុងជួញដូរនិងប្រើគ្រឿងញៀននៅក្នុងបន្ទប់ជួល

កណ្ដាល ៖​ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួន​ ខណៈកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបន្ទប់ជួលរបស់ឈ្មោះ ផល សុផាត ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យដែលឃាត់ខ្លួនដំបូងមានគ្នា២នាក់ ទី១-ឈ្មោះ វឿន ថុល ហៅជ្រូក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរគ្រឿងញៀន) និង២-ឈ្មោះ ប្រាក់ ចាន់សារីម ហៅទីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក បច្ចុប្បន្នស្នាក់នៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ 

ប៉ូលិសបន្តថា​ ជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ ផល សុផាត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិគម្ពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរគ្រឿងញៀន)។ ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន៦កញ្ចប់ (ក្នុងនោះធំ១កញ្ចប់ មធ្យម៥កញ្ចប់), ម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ, ទូរស័ព្ទដៃ១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ និងឧបករណ៍សម្រាប់ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួច សមត្ថកិច្ចបានធ្វើការឆែកឆេរក្នុងបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ ផល សុផាត បានរកឃើញថ្នាំញៀនចំនួន៦កញ្ចប់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតរួចយកមកប៉ុស្ដិ៍អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...