ក្មេងស្រីអាយុ៧ឆ្នាំលូតលាស់លឿនក្លាយជាមនុស្សពេញវ័យមានពន្លកសុដន់ ដោយសារដេកបើកភ្លើងរាល់យប់អស់បីឆ្នាំ

ប្រព័ន្ធផ្សព្វផ្សាយចិនកាលពីពេលថ្មីៗនេះបានរាយការណ៍ពីករណីមិនធម្មតារបស់ក្មេងស្រីមួយរូប ដែលឈានដល់វ័យពេញវ័យនៅត្រឹមអាយុ ៧ឆ្នាំ ដោយគេសន្មត់ថា ដោយសារតែនាងគេងជាមួយនឹងពន្លឺអំពូលភ្លើងបើកភ្លឺៗរាល់យប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។

នៅអាយុ ៧ ឆ្នាំឈ្មោះ Dandan (ឈ្មោះក្រៅ) គឺមានកម្ពស់ដល់ទៅ ១,២០ ម៉ែត្រជាស្រេច គឺខ្ពស់ជាងក្មេងៗទាំងអស់ដែលមានអាយុស្របាលនឹងនាង។ ពេលដែលនាងបានចាប់ផ្តើមលូតលាស់ ម្តាយរបស់នាងមានភាពរីករាយយ៉ាងខ្លាំង ហើយថែមទាំងមិនបានឆ្ងល់ពីមូលហេតុដែលក្មេងស្រីរូបនេះបានលូតកម្ពស់ប្រហែលជា ១០សង់ទីម៉ែត្រនៅក្នុងរយៈពេលមួយឆ្នាំនោះទេ។ ភាពភ្ញាក់ផ្អើលកើតឡើងរហូតដល់ថ្ងៃមួយ ពេលដែលគាត់នាំ Dandan ទៅងូតទឹក ហើយបានសម្គាល់ឃើញថា នាងបានលូតលាស់ដើមទ្រូងខុសប្រក្រតី ដែលម្តាយរូបនេះបានដឹងខ្លួនថាមានអ្វីមួយខុសប្រក្រតី។ នាងនាំកូនស្រីអាយុ ៧ឆ្នាំទៅកាន់មន្ទីរពេទ្យ ហើយទទួលបានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយដឹងថា កូនស្រីរបស់នាងបានឈានដល់អាយុពេញវ័យខុសពីធម្មជាតិ។

វេបសាយ Zhejiang News បានរាយការណ៍ថា អំឡុងការពិនិត្យ ដុកទ័របានសម្គាល់ឃើញថា Dandan មានទម្រង់ឆ្អឹងរបស់ក្មេងអាយុ ១០ឆ្នាំ ហើយដៃស្បូនរបស់នាងបានចាប់ផ្តើមលូតលាស់។ នាងបានឈានដល់វ័យមនុស្សធំ ហើយថ្វីបើនាងមានការលូតលាស់ដ៏គួរឱ្យភ្ញាក់ផ្អើលបែបនេះក្តី ក្មេងស្រីរូបនេះហាក់មិនទំនងនឹងមានកម្ពស់ខ្ពស់ជាង ១,៥០ម៉ែត្រនោះទេ។ នេះបើយោងតាមសម្តីរបស់វេជ្ជបណ្ឌិត។

ម្តាយរបស់ Dandan មិនជឿពីអ្វីដែលនាងបានឮនោះទេ ដូច្នេះនាងបានសួរដុកទ័រពីកត្តាដែលអាចធ្វើឱ្យក្មេងឈានដល់វ័យមនុស្សពេញវ័យឆាប់បែបនេះ។ នាងបានប្រាប់ទៅក្រុមគ្រូពេទ្យថា កូនស្រីរបស់នាងគឺមិនត្រូវបានអនុញ្ញាតឱ្យទទួលទានអាហារបំពង ថ្នាំអាហារបំប៉ន ឬភេសជ្ជៈ ហើយបន្ថែមថានាងមិនអាចយល់ពីអ្វីដែលបណ្តាលឱ្យមានការផ្លាស់ប្តូរអ័រម៉ូនទេ។

គ្រូពេទ្យមិនមានតម្រុយយល់ដឹងច្រើនដូចគ្នាជាមួយម្តាយក្មេងស្រី ប៉ុន្តែខណៈដែលសាកសួរម្តាយ Dandan អំពីរបៀបរស់នៅរបស់កូននាង ពួកគេបានយល់ដឹងថា ក្មេងស្រីអាយុ ៧ឆ្នាំរូបនេះមានទម្លាប់គេងបើកភ្លើងចោលជារៀងរាល់យប់អស់រយៈពេលបីឆ្នាំ។ ឪពុកម្តាយរបស់នាងចង់ឱ្យនាងមានឯករាជ្យលើខ្លួនឯង ប៉ុន្តែនាងខ្លាចភាពងងឹត ដូច្នេះពួកគេបានអនុញ្ញាតឱ្យកូនស្រីខ្លួនគេងដោយមានភ្លើងបើកចោល។ ជាក់ស្តែង ការផលិតអ័រម៉ូន Melatonin (ភាពប្រក្រតីនៃដំណេក) ចំពោះកុមារមានខ្ពស់បំផុតនៅពេលយប់ ប៉ុន្តែពន្លឺភ្លើងបានរំខានដល់ការផលិតអ័រម៉ូនមួយនេះក្នុងរាងកាយ ហើយពេលខ្លះក៏អាចបង្ក្រាបអ័រម៉ូននេះថែមទៀត។

បន្ទាប់ពីធ្វើការវិភាគទៅលើភាពអាចទៅរួច ដុកទ័របានប្រាប់ទៅឪពុកម្តាយរបស់ Dandan ថា វាមានឱកាសខ្ពស់បំផុត ដែលការគេងប៉ុន្មានឆ្នាំនេះជាមួយភ្លើងបើកចោល អាចបង្កឱ្យមានភាពពេញវ័យលឿនជាងធម្មតា។ ការសិក្សាបានបង្ហាញថា អ័រម៉ូន Melatonin ច្រើនហួសប្រមាណគឺផ្សារភ្ជាប់ទៅនឹងការធ្លាក់ចុះនៃភាពចាស់ទុំខាងផ្លូវភេទ ហើយពន្លឺទាំងនោះអាចរារាំងការផលិតអ័រម៉ូន។

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន រាយការណ៍ថា ពួកដុកទ័របានបាត់បង់តម្រុយដ៏សំខាន់មួយនេះ ហើយដូចកន្លងមកនេះទោះបីឱ្យថ្នាំអ្វីក៏ដោយទៅក្មេងនេះលេប ក៏គ្មានប្រសិទ្ធភាពដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab