មហាសេដ្ឋីក្រអឺតក្រទមម្នាក់លាចាកលោក តែបានសរសេរលិខិតបណ្តាំឱ្យមនុស្សជំនិត៣នាក់យកលុយរបស់គាត់ដាក់ក្នុងមឈូសវិញផង, អ្នកទីបីដាក់ទាំងអស់គ្មានសល់មួយសេន!

សំណើច ៖ មុនពេលស្លាប់ មហាសេដ្ឋីក្រអឺតក្រទមម្នាក់បានផ្ញើលុយ ៥០០.០០០ ដុល្លារជាមួយនឹងទីប្រឹក្សាជំនិតបីនាក់ គឺ គណនេយ្យករ វេជ្ជបណ្ឌិត និង មេធាវី​ សរុបគឺ ១.៥០០.០០០ ដុល្លារ។ នៅក្នុងលិខិតបណ្តាំ មហាសេដ្ឋីនោះបានណែនាំឱ្យមនុស្សជំនិតទាំងបីប្រគល់ប្រាក់ទាំងនោះឱ្យគាត់វិញដាក់ក្នុងស្រោមសំបុត្រ រួចទុកនៅក្នុងមឈូសរបស់គាត់នៅពិធីបុណ្យសព ដូច្នេះគាត់នឹងអាចមានលុយខ្លះត្រឡប់ទៅជាតិក្រោយ។ 

នៅថ្ងៃបុណ្យសព ទីប្រឹក្សាទាំងបីបានមកចូលរួមជាមួយស្រោមសំបុត្រយ៉ាងច្រើន ហើយបាននាំគ្នាដាក់ស្រោមសំបុត្រនៅក្នុងក្តារមឈូសរៀងៗខ្លួន។ នៅចុងបញ្ចប់នៃពិធីបុណ្យ នៅពេលមហាសេដ្ឋីត្រូវបានបញ្ចុះរួច ទីប្រឹក្សាទាំងបីបានដើរចេញពីទីបញ្ចុះសពជាមួយគ្នា។ 

គណនេយ្យករនិយាយប្រាប់ពីរនាក់ទៀតថា "ខ្ញុំសូមសារភាពដោយស្មោះ ខ្ញុំមិនបានដាក់លុយទាំងអស់ចូលទៅក្នុងស្រោមសំបុត្រទេ។ ខ្ញុំទុក ១០០.០០០ ដុល្លារសម្រាប់ខ្លួនខ្ញុំ និង ដាក់តែ ៤០០.០០០ ដុល្លារប៉ុណ្ណោះនៅក្នុងមឈូស"។ 

វេជ្ជបណ្ឌិតឆ្លើយតប "ខ្ញុំក៏សូមសារភាពដោយស្មោះដែរ។ ខ្ញុំបានទុក ២០០.០០០ ដុល្លារសម្រាប់ខ្លួនខ្ញុំ និង ទុកតែ ៣០០.០០០ ដុល្លារប៉ុណ្ណោះនៅក្នុងក្តារមឈូស"។ 

មេធាវីសម្លឹងមើលអ្នកទាំងពីរទាំងហួសចិត្ត រួចនិយាយថា "លោកទាំងពីរពិតជាមិនខ្មាស់គេមែន។ អតិថិជនយើងណែនាំយើងឱ្យដាក់លុយម្នាក់ៗ ៥០០.០០០ ដុល្លារចូលក្នុងមឈូសគាត់ ម៉េចក៏លួចកឹបកេងលុយគាត់ចឹង? ចំណែកខ្ញុំវិញបានដាក់សែក ៥០០.០០០ ដុល្លារមិនបានបាត់មួយសេនទេនៅក្នុងស្រោមសំបុត្រតូចមួយ!"៕

 

adverise with khmeread