កំពុងមើលរឿងល្បី Joker ផ្អើលរត់ចេញពីរោងកុន បន្ទាប់ពីបុរសម្នាក់ស្រែកថា "Allahu akbar"

រោងកុនកំពុងចាក់បញ្ចាំងខ្សែភាពយន្ត Joker មួយកន្លែងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បាននាំគ្នាជម្លៀសខ្លួនចេញពីរោងកុន បន្ទាប់ពីបុរសម្នាក់ស្រែកថា "Allahu akbar" បង្កឱ្យមានការភ័យស្លន់ស្លោរពេញរោងកុន។

មនុស្សបាននាំគ្នាទៅទស្សនាខ្សែភាពយន្តដ៏កំពុងល្បីល្បាញខ្លាំងមួយនេះសម្រាប់ការចាក់បញ្ចាំងនៅម៉ោង ៩:៣០នាទីយប់ នៅឯរោងភាពយន្ត Grand Rex កាលពីថ្ងៃអាទិត្យ ប៉ុន្តែពួកគេមើលបានត្រឹមពាក់កណ្តាលរឿងប៉ុណ្ណោះ មុនការរំខានដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានផ្ទុះឡើង។

បុរសរូបនេះត្រូវបានគេឮស្រែកជាច្រើនលើកថា "វាគឺជានយោបាយ" ខណៈដែលអ្នកទស្សនាដទៃទៀតបានស្នើឱ្យគាត់រក្សាភាពស្ងាត់ស្ងៀម។ បន្ទាប់មកគាត់បានងើបឈរពីកៅអីរបស់ខ្លួន និងបានដាក់ដៃនៅលើទ្រូងរបស់គាត់ មុនស្រែកថា "Allahu akbar!"។ 

សកម្មភាពរ​បស់គាត់បានបង្កឱ្យមានការភ័យស្លន់ស្លោរ និងចលាចលនៅក្នុងរោងកុន ខណៈដែលមនុស្សបាននាំគ្នាប្រញាយចេញពីកៅអីរបស់ពួកគេ និងចាកចេញពីរោងកុន ខណៈដែលអ្នកខ្លះបាននិយាយពាក្យចចាមអារ៉ាមមិនច្បាស់លាស់អះអាងថា បុរសរូបនេះមានកាំភ្លើង។ នេះបើយោងតាមវេបសាយ Le Parisien។

បុរសដែលបានស្រែកពាក្យមួយឃ្លានេះ ដែលមានន័យ "ព្រះជាម្ចាស់អស្ចារ្យ" នៅក្នុងភាសាអារ៉ាប់ និងតែងតែត្រូវបានឮស្រែកឡើងដោយពួកភេរវករអ៊ីស្លាមជ្រុលនិយម ក៏បានព្យាយាមចេញពីរោងកុនផងដែរ។ 

គាត់បានបន្លំចេញពីរោងកុន ទោះបីជាអ្នកទៅទស្សនាភាពយន្ត និងសន្តិសុខព្យាយាមផ្តួលគាត់ទៅនឹងដីក៏ដោយ ប៉ុន្តែគាត់ត្រូវបានឃាត់ខ្លួនបានដោយប៉ូលិសទីក្រុងប៉ារីសនៅខាងក្រៅ ហើយបញ្ជូនទៅឃុំខ្លួន។ 

បុរសរូបនេះមិនមានអាវុធនៅនឹងខ្លួននោះទេ ហើយគាត់ត្រូវបានគេកំណត់អត្តសញ្ញាណមានវ័យ​ ៣៤ឆ្នាំ មកពីសង្កាត់ Boulogne-Billancourt ជាយក្រុងប៉ារីស។

បុរសនោះត្រូវបានដោះលែងពីមន្ទីរឃុំឃាំងនៅល្ងាចថ្ងៃចន្ទ ហើយក្រោយមកត្រូវបានពិនិត្យសុខភាពផ្លូវចិត្ត៕

-->
adverise with khmeread