ខ្ទង់១០ឆ្នាំទៀតសាំងនៅអាល្លឺម៉ង់លក់លែងដាច់ហើយ ខណៈលោកស្រីអធិការបតីប្រកាសថានឹងមានកន្លែងសាកភ្លើងរថយន្តអគ្គិសនីចំនួន១លានកន្លែងត្រឹមឆ្នាំ២០៣០

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយកាលពីថ្ងៃអាទិត្យទី៣វិច្ឆិកាថា លោកស្រីចង់បង្កើនចំនួនស្ថានីយសាកភ្លើងសម្រាប់រថយន្តអគ្គិសនីនៅក្នុងប្រទេសអាល្លឺម៉ង់ដើម្បីផ្តល់ឱ្យអតិថិជននូវទំនុកចិត្តបន្ថែមទៀតដើម្បីងាកមកប្រើម៉ាស៊ីនអគ្គិសនីជំនួសម៉ាស៊ីនចំហេះឥន្ធនៈ។

ថ្លែងនៅក្នុងកម្មវិធីផ្សាយវីដេអូប្រចាំសប្តាហ៍របស់លោកស្រី លោកស្រី Angela Merkel និយាយថា លោកស្រីចង់ឱ្យអាល្លឺម៉ង់មានស្ថានីយសាកភ្លើងចំនួន ១ លានកន្លែងនៅត្រឹមឆ្នាំ ២០៣០។ បច្ចុប្បន្នអាល្លឺម៉ង់មានស្ថានីយសាកភ្លើងប្រហែល ២១.០០០ កន្លែងរួចជាស្រេច។

ការលើកឡើងរបស់លោកស្រីធ្វើឡើងនៅមុនកិច្ចប្រជុំរបស់លោកស្រីនៅថ្ងៃចន្ទទី៤វិច្ឆិកាជាមួយពួកនាយកប្រតិបត្តិឧស្សាហកម្មយានយន្តដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់វិស័យដឹកជញ្ជូនរបស់អាល្លឺម៉ង់ឱ្យសម្រេចបាននូវគោលដៅបំភាយឧស្ម័ន។

ក្រៅពីនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធសាកភ្លើងនៅអាល្លឺម៉ង់ លោកស្រី Angela Merkel និយាយថាអ្នកដែលនៅក្នុងកិច្ចប្រជុំនោះនឹងពិភាក្សាអំពីការលើកទឹកចិត្តរបស់រដ្ឋាភិបាលនិងឧស្សាហកម្មយានយន្តសម្រាប់រថយន្តអគ្គិសនីនិងវិធីការពារការងារឧស្សាហកម្មរថយន្តចំពេលកំពុងមានការផ្លាស់ប្តូរទៅរកការផលិតរថយន្តដែលការពារបរិស្ថាន។ លោកស្រីនិយាយថា ការអភិវឌ្ឍរថយន្តដើរដោយថាមពលអ៊ីដ្រូសែនក៏អាចដើរតួយ៉ាងសំខាន់ដែរ។

អាល្លឺម៉ង់គឺជាប្រទេសរបស់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនរួមមានក្រុមហ៊ុន Daimler, BMW និង Volkswagen ដែលរួមមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀតដូចជា Audi, Skoda និង Porsche៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab