ព្យុះទី៦ដ៏ខ្លាំងក្លានឹងមកដល់វៀតណាមភាគកណ្តាលនៅចុងសប្តាហ៍នេះ

ព្យុះណាគ្រី (Nakri) ដែលជាព្យុះលើកទី៦វាយប្រហារប្រទេសវៀតណាមនៅឆ្នាំនេះ ដែលវិវត្តពីវិសម្ពាធត្រូពិកកាលពីល្ងាចថ្ងៃអង្គារ ឥឡូវកំពុងពូនផ្តុំកម្លាំងក្លាយជាព្យុះ ខណៈវាកំពុងបោះពួយមករកតំបន់កណ្តាលរបស់ប្រទេស។ នេះយោងតាមកាសែត Tuoitrenews សរសេរកាលពីថ្ងៃពុធ។

ព្យុះនេះមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៣១០ គីឡូម៉ែត្រភាគឦសាននៃកោះ Song Tu Tay ក្នុងប្រជុំកោះ Truong Sa របស់វៀតណាមនៅម៉ោង ៧:០០ ព្រឹកថ្ងៃពុធ ដោយមានកម្លាំងខ្យល់ពី ៦០ ទៅ ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនខ្យល់កន្ត្រាក់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិវៀតណាម។

គេរំពឹងថាព្យុះនេះនឹងបោះឆ្ពោះទៅទិសខាងកើតក្នុងរយៈពេល ២៤ ម៉ោងទៀត បន្ទាប់ពីពូនផ្តុំកម្លាំងដើម្បីបង្កើនល្បឿនខ្យល់ជាមធ្យមដល់ ៧៥ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោង ព្យុះ Nakri នឹងធ្វើដំណើរទៅភាគខាងត្បូងសន្សឹមៗមុនពេលកាច់ចង្កូតឆ្ពោះទៅទិសខាងលិច ហើយគេរំពឹងថាវានឹងស្ថិតនៅចម្ងាយ ២៦០ គីឡូម៉ែត្រពីភាគឦសាននៃកោះ Song Su Tay នៅព្រឹកថ្ងៃសុក្រ។

ក្នុងរយៈពេល ៤៨ ទៅ ៧២ ម៉ោង ព្យុះនឹងបន្តធ្វើដំណើរទៅទិសខាងលិចនិងកាន់តែមានឥទ្ធិពលខ្លាំងក្លាថែមទៀត។

គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃសៅរ៍ វានឹងស្ថិតនៅចម្ងាយប្រហែល ១៩០ គីឡូម៉ែត្រភាគខាងលិចកោះ Song Su Tay ដោយបញ្ចេញខ្យល់បក់ខ្លាំងពី ១០០ ទៅ ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោងនិងខ្យល់កន្ត្រាក់នៅល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្នុងរយៈពេល ៧២ ទៅ ១២០ ម៉ោងទៀត ព្យុះ Nakri ត្រូវគេព្យាករណ៍ថានឹងមកកៀកឆ្នេរសមុទ្រវៀតណាមនិងមកដល់ដីគោកភាគភាគកណ្តាលប្រទេសនៅត្រឹមថ្ងៃអាទិត្យ។

តំបន់ ដែលស្ថិតនៅក្នុងខេត្ត Thua Thien-Hue នៅភាគកណ្តាលប្រទេស និងខេត្ត Ba Ria-Vung Tau នៅភាគខាងត្បូង នឹងរងផលប៉ះពាល់ដោយផ្ទាល់ នៅពេលព្យុះត្រូពិកនេះឈានដល់ដីគោក៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab