បុរសម្នាក់ធ្វើការនៅកន្លែងសំណង់ជួបឧបទ្ទវហេតុដាច់ម្រាមដៃ ពេលប្រញាប់ទៅមន្ទីរពេទ្យតម្រាមដៃវិញ កើតរឿងហួសចិត្ត

មន្ត្រីប៉ូលិសម្នាក់ក្នុងទីក្រុង Wuhan នៃខេត្ត Hubei បានបំបែកសំណុំរឿងបាត់ម្រាមដៃ ដោយជួយរកម្រាមដៃដែលបាត់ តឱ្យម្ចាស់ដើមវិញ។ នេះយោងតាមកាសែតសៀងហៃអ៊ីសសរសេរកាលពីថ្ងៃព្រហស្បតិ៍។

ម្រាមដៃនោះគឺជារបស់កម្មករសំណង់ឈ្មោះ Xu ដែលជួបឧបទ្ទវហេតុនៅការដ្ឋានសំណង់នៅជិតទីក្រុង Ezhou កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ហើយ Xu ត្រូវបានពេទ្យប្រាប់ថា មានពេលប្រាំម៉ោងដើម្បីតម្រាមដៃនោះវិញ។

Xu ក៏បានសម្រេចចិត្តជិះតាក់ស៊ីដើម្បីទៅឱ្យទាន់ម៉ោងកំណត់ ដើម្បីរកមន្ទីរពេទ្យល្អមានសេវាតម្រាមដៃឡើងវិញ។ ការធ្វើដំណើរចម្ងាយ ៦០ គីឡូម៉ែត្រ ប៉ុន្ដែពេលជិតទៅដល់ទៅហើយ ក៏ស្ទះចរាចរណ៍ ហើយគាត់ក៏បានផ្លោះចេញពីរថយន្ត រត់ទៅរកមន្ទីរពេទ្យតែម្ដង។

យ៉ាងណាមិញ ពេលដល់មន្ទីរពេទ្យ ស្រាប់តែគាត់ភ្លេចយកម្រាមដៃរបស់គាត់ពីក្នុងតាក់ស៊ី។ ហើយគាត់ភ័យណាស់ ដោយខ្លាចមិនអាចតម្រាមដៃរបស់គាត់បានវិញ។ បន្ទាប់មកគាត់ក៏បានរាយការណ៍ទៅប៉ូលិស ដោយកំណត់អត្តសញ្ញាណស្លាកលេខរថយន្ត និងផ្សព្វផ្សាយដំណឹងដល់រថយន្តទាំងអស់។

ហើយត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ តាក់ស៊ីត្រូវបានគេរកឃើញ រួចតាក់ស៊ីក៏បានជិះដឹកម្រាមដៃមកឱ្យម្ចាស់វិញ។ ទីបំផុតម្រាមដៃគាត់អាចតវិញបាន៕

adverise with khmeread