ចិនចាប់ចិនបង្ខាំងទារប្រាក់ពីថៅកែនៅស្រុកចិន៣ម៊ឺនដុល្លារត្រូវកម្លាំងអាវុធហត្ថវ៉ៃខ្នោះ៥នាក់

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាជនជាតិចិន៥នាក់ទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ពីបទ បង្ខាំងមនុស្សទុកជំរិតទារប្រាក់ រំលោភលើលំនៅដ្ឋាន បង្ខាំងអាជីវកម្ម និងធ្វើឱ្យបាត់បង់ការងារ ដែលប្រព្រឹត្តកាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចហាង ស៊ីន វ៉ាងដា (ខេមបូឌា) អ៊ិន វេស ម៉ិន អ.ក ផ្ទះលេខ128A7AB ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ ទាំង០៥នាក់ រួមមាន ១. ឈ្មោះ វ័ង ជីងប៉ង (WANG.JINBO) ភេទប្រុស អាយុ៤៩ឆ្នាំ, ២. ឈ្មោះ លី ជីយ៉ាង (LI JI YAN) ភេទប្រុស អាយុ៣៥ឆ្នាំ, ៣. ឈ្មោះ ថាង វ៉ៃ ភេទប្រុស អាយុ៣៥ឆ្នាំ, ៤. ឈ្មោះ ជេរ ឈីង (JIA GUING) ភេទប្រុស អាយុ៣៣ឆ្នាំ និង៥. ឈ្មោះ ស៊ូន ស៊ីង (SUN XIN) ភេទប្រុស អាយុ២៩ឆ្នាំ។

យោងតាមរបាយការណ៍ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា តាមរយៈព័ត៌មានរបស់សាក្សីម្នាក់ជាជនជាតិខ្មែរបានរាយការណ៍ថា មានចិនមួយក្រុមបានអុកឡុកហាងបាយមួយកន្លែងនិងបានបង្ខាំងជនជាតិចិនម្នាក់ក្នុងហាងបាយនោះ ដើម្បីគំរាមទារប្រាក់ទៀតផង។ 

បន្ទាប់ពីបានទទួលព័ត៌មាន កម្លាំងជំនាញនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាត់វិធានការចុះបង្ក្រាបនិង ឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយអនុឡោមតាមការណែនាំរបស់ព្រះរាជអាជ្ញា ក្រោមទម្រង់ជាការស៊ើបអង្កេតជាក់ស្តែង និងមានការចូលរួមពីមន្ត្រីមូលដ្ឋាន ចៅសង្កាត់និងមេភូមិផងដែរ។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា ពួកគេពិតជា បានធ្វើសកម្មភាពបង្ខាំងមនុស្ស បង្ខាំងទីតាំងហាង ស៊ីន វ៉ាងដា (ខេមបូឌា) អ៊ិនវេសមិន បណ្តេញភ្ញៀវដែលមកស្នាក់នៅ ក្នុងសណ្ឋាគារ រួមនិងបណ្តេញបុគ្គលិកដែលធ្វើការនៅទីនោះចេញពិតប្រាកដមែន។

ក្នុងនោះឈ្មោះ វ័ង ជីងប៉ង (WANG.JINBO) ជាមេក្លោង បានបញ្ជាឱ្យកូនចៅ០៤នាក់ទៀត បិទទ្វារចាក់សោបង្ខាំងមេការគ្រប់គ្រងទូទៅក្នុងហាង ស៊ីន វ៉ាងដា(ខេមបូឌា)អ៊ិនវេសមិន ចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីទុកជំរិតទារប្រាក់ចំនួនបីម៉ឺនដុល្លារអាមេរិកពីថៅកែដែលនៅឯប្រទេសចិន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab