ដកហូតមុខដំណែង នាយប៉ូលិសចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំដោយសារស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍និងជេរប្រមាថលោកអភិបាលខេត្ត

កំពង់ធំ ៖ នាយប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បានបើកបររថយន្តក្នុងស្ថានភាពស្រវឹងស្រាជោកជាំ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងមានពាក្យសម្តីមិនសមរម្យ ខណៈពេលដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋានប៉ូលិសជាតិ កំពុងបើកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍នៅទូទាំងប្រទេស ត្រូវបានក្រសួងមហាផ្ទៃចេញប្រកាសដកហូតដំណែងនៅត្រឹមមន្ត្រីធម្មតា តែរក្សាឋានន្តរស័ក្តិ។

លោកវរសេនីយ៍ឯក រុំ សុវិជ្ជា អតីតនាយប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ត្រូវបានសម្តេចក្រឡាហោម ស ខេង បានចេញប្រកាសលេខ ២៥១៦ ចុះថ្ងៃទី២១ ឧសភា ឆ្នាំ២០២០ សម្រេចដកហូតមុខដំណែងពី នាយប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ហើយត្រូវបង្ហាញមុខជាប្រចាំនៅការិយាល័យបុគ្គលិករាល់ម៉ោងធ្វើការ រហូតមានការសម្រេចជាថ្មី។

គួររម្លឹកថា លោកស័ក្តិ៥ រុំ សុវិជ្ជា បានបើកបររថយន្ត ក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍នៅរង្វង់មូលអាចារ្យលាក់  ហើយស្រែកជេរប្រមាថលោកអភិបាលខេត្តកំពង់ធំ ដោយពាក្យអសុរសនោះត្រូវបានលោកនាយឧត្ដមសេនីយ៍ហ៉ឹម  យ៉ាន ចាត់វិធានការដំបូងគឺដកតួនាទី មុខតំណែងពីនាយការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោកកាលពីយប់ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២០។

លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន  អគ្គស្នងការប៉ូលិសជាតិ បានធ្វើការក្រើនរំលឹកអប់រំណែនាំជាប្រចាំ ចំពោះមន្ត្រីប៉ូលិស ដើម្បីធ្វើជាគំរូក្នុងការអនុវត្តច្បាប់ចរាចរណ៍ ជូនប្រជាពលរដ្ឋ។ នាយឧត្ដមសេនីយ៍អគ្គស្នងការមិនគាំទ្រមន្ត្រីប៉ូលិសទាំងឡាយណា ដែលមានកំហុសធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងប៉ូលិសជាតិនោះទេ ជាពិសេស ប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋឡើយ។  

កន្លងមកលោកអធិការរងប៉ូលិសស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលអនុវត្តលើសគោលការណ៍ណែនាំរបស់អគ្គស្នងការប៉ូលិសជាតិ និងក្រសួងមហាផ្ទៃបានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ប្រជាពលរដ្ឋត្រូវបានដកបញ្ឈរជើងតែម្ដង៕

adverise with khmeread