ប្រើគ្រឿងញៀនហួសកម្រិតរហូតបែកថ្នាំបំផ្លាញទ្រព្យសម្បត្តិគ្រួសារត្រូវបានអាវុធហត្ថឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់បានប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតវង្វេងវង្វាន់ស្មារតី បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារត្រូវបានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០​នេះ នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ យ៉េស សម័យ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ មន្ត្រីបន្តថា មុននឹងឈានដល់ការឃាត់ខ្លួននេះ គឺយោងតាមពាក្យបណ្ដឹងរបស់ម្ដាយជនសង្ស័យឈ្មោះ ចាន់ ណែត ភេទស្រី អាយុ៦០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើផងដែរ​។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនសង្ស័យជាមនុស្សញៀនថ្នាំហើយគេតែងតែបង្កនូវបញ្ហាមិនចេះចប់ រហូតធ្វើឱ្យក្រុមគ្រួសារពិសេសម្ដាយរបស់គេមានការលំបាកចិត្ដយ៉ាងខ្លាំងរហូតដល់ទ្រាំពុំបានទើបដាក់ពាក្យបណ្តឹងដល់អាវុធហត្ថមានជ័យឱ្យឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យបែកថ្នាំខាងលើត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់​៕


 

adverise with khmeread