ញាក់សាច់! ពួកមហាសេដ្ឋីអាមេរិកកើបលុយពីវិបត្តិកូវីដ១៩បានថែម ៤៨៤ ពាន់លានដុល្លារទៀត

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថាពួកមហាសេដ្ឋីអាមេរិកបានកើបលុយចំនួន ៤៨៤ ពាន់លានដុល្លារក្នុងអំឡុងវិបត្តិកូវីដ១៩។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២២ឧសភា។ 

ទិន្នន័យដែលប្រមូលពីពាក់កណ្តាលខែមីនាដល់ពាក់កណ្តាលខែឧសភាបានបង្ហាញថា អ្នកមានបំផុតរបស់ប្រទេសនេះបានទទួលផលចំណេញយ៉ាងច្រើនពីវិបត្តិសុខភាព។

របាយការណ៍បានរកឃើញថា មហាសេដ្ឋីកំពូលៗទាំង ៥ របស់សហរដ្ឋអាមេរិកគឺលោក Jeff Bezos, Bill Gates, Mark Zuckerberg, Warren Buffett និង Larry Ellison បានកើនទ្រព្យសម្បត្តិសរុប ៧៥,៥ ពាន់លានដុល្លារ ឬស្មើនឹង ១៩ ភាគរយ។

របាយការណ៍ ដែលធ្វើឡើងដោយអង្គការអាមេរិកដើម្បីយុត្តិធម៌ពន្ធនិងវិទ្យាស្ថានសិក្សាគោលនយោបាយសម្រាប់វិសមភាព បានប្រើប្រាស់ទិន្នន័យរបស់ទស្សនាវដ្តី Forbes សម្រាប់មហាសេដ្ឋីជាង ៦០០ នាក់នៅអាមេរិក។

យោងតាមរបាយការណ៍ ទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg ម្ចាស់ក្រុមហ៊ុន Facebook បានកើនឡើង ២៥ ពាន់លានដុល្លារខណៈលោក Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon រកចំណូលបានថែម ៣៤,៦ ពាន់លានដុល្លារ។

លោក Elon Musk ស្ថិតក្នុងចំណោមអ្នកដែលទទួលបានផលចំណេញក្នុងភាគរយខ្ពស់បំផុតក្នុងអំឡុងពេលពីរខែមកនេះ បន្ទាប់ពីទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានកើនឡើង ៤៨ ភាគរយក្នុងរយៈពេល ២ ខែ ឬស្មើនឹង ៣៦ ពាន់លានដុល្លារ។

នៅចន្លោះថ្ងៃទី ១៨ ខែមីនាដល់ថ្ងៃទី ១៩ ខែឧសភាទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីអាមេរិកចំនួន ៦០០ នាក់បានកើនឡើងពី ២,៩៤៨ លានលានដុល្លារដល់ ៣,៣៨២ លានលានដុល្លារ៕ ប្រភព៖ Daily Mail 

adverise with khmeread