បុរសដែលគេដាក់គុកច្រឡំ ៣៦ ឆ្នាំ ឥឡូវក្លាយជាបេក្ខជនឈានមុខគេក្នុងការដណ្តើមពានរង្វាន់ក្នុងកម្មវិធី America's Got Talent

រដូវកាលថ្មីនៃកម្មវិធី "America's Got Talent" ហាក់មានអ្នកនាំមុខគេមួយរូបជាស្រេច ហើយវគ្គសម្តែងសមត្ថភាពរបស់គាត់គឺមិនទាន់ត្រូវបានគេចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍នៅឡើយទេ។ ប៉ុន្តែគាត់មានដំណាលរឿងដ៏ជូរចត់ និងសំឡេងដ៏ពិសេស ដែលត្រូវបានកប់បាត់អស់រយៈពេលជាច្រើនទសវត្សរ៍។

លោក Archie Williams បានចំណាយពេល ៣៦ឆ្នាំនៅក្នុងពន្ធនាគារដ្ឋ Louisiana សម្រាប់បទល្មើសរំលោភផ្លូវភេទ ដែលគាត់មិនបានប្រព្រឹត្ត។ មួយឆ្នាំបន្ទាប់ពីគាត់ត្រូវបានគេដោះលែងឱ្យមានសេរីភាព គាត់បានបង្កភាពភ្ញាក់ផ្អើលទៅដល់គណៈកម្មការក្នុងកម្មវិធីមួយនេះដោយចម្រៀងមួយបទចំណងជើង "Don't Let the Sun Go Down on Me" ឬ "កុំឱ្យពន្លឺព្រះអាទិត្យរះមកលើខ្ញុំអស្តង្គត"។

ខណៈនៅក្នុងពន្ធនាគារ គាត់បាននិយាយថា គាត់បានសម្តែង និងតែងតាមដានកម្មវិធីមួយនេះ ដែលថ្ងៃណាមួយគាត់ស្រមៃថានឹងបានឈរនៅទីនោះ។ ការចម្រៀងបានជួយគាត់ពីការចុះចាញ់ទៅនឹងភាពខ្មៅងងឹតនៃស្ថានភាពរបស់គាត់។

គាត់បាននិយាយមុនការសម្តែងសមត្ថភាពរបស់គាត់យ៉ាងដូច្នេះ "ខ្ញុំបានមើល America's Got Talent នៅក្នុងគុក ហើយខ្ញុំនឹងឃើញខ្លួនឯងនៅទីនោះ។ ខ្ញុំតែងតែប្រាថ្នាឈរនៅលើឆាកដូចនេះ ហើយឥឡូវខ្ញុំបាននៅទីនេះហើយ"។

គាត់បានចំណាយពេលជិត ៣៧ឆ្នាំនៅក្នុងពន្ធនាគារ៖

ពេលដែលស្រ្តីស្បែកសម្នាក់នៅក្នុងទីក្រុង Baton Rouge រដ្ឋ Louisiana ត្រូវបានគេរំលោភ និងចាក់ឱ្យរបួសក្នុងឆ្នាំ១៩៨២ នាងបានកំណត់អត្តសញ្ញាណម្តងហើយម្តងទៀតថាលោក Williams ជាអ្នករំលោភនាង។

លោក Williams ដែលកាលនោះមានវ័យ ២២ឆ្នាំ បាននិយាយថា គាត់កំពុងដេកលក់នៅពេលការវាយប្រហារនេះកើតឡើង ហើយស្នាមម្រាមដៃរបស់គាត់មិនត្រូវបានគេរកឃើញនៅកន្លែងកើតហេតុទេ ប៉ុន្តែ "ក្នុងនាមជាក្មេងស្បែកខ្មៅក្រីក្រម្នាក់ (គាត់) មិនមានសត្ថភាពផ្នែកហិរញ្ញវត្ថុដើម្បីតស៊ូក្តីនៅក្នុងរដ្ឋ Louisiana បានទេ"។ នេះបើយោងតាមសម្តីរបស់គាត់បាននិយាយមុនការសម្តែងរបស់ខ្លួន។

ក្នុងឆ្នាំ១៩៨៣ គាត់ត្រូវបានគេចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត រំលោភមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរ និងបទលួចដែលមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរ និងត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិតដោយមិនមានការដោះលែង។ នេះបើយោងតាមបញ្ជីវិពិរុទ្ធកម្មជាតិស្តីពីការដាក់ទោសមនុស្សគ្មានកំហុស រៀបរៀងដោយសាកលវិទ្យាល័យច្បាប់ University of Michigan។

បន្ទាប់ពីរយៈពេលជាងមួយឆ្នាំនៅក្នុងពន្ធនាគារ Louisiana State Penitentiary ដែលជាពន្ធនាគារល្បីល្បាញខាងអំពើហិង្សា ក្រុមតាមដានអ្នកគ្មានកំហុសខាងលើបានពិនិត្យមើលករណីរបស់គាត់។ ទីភ្នាក់ងារស្របច្បាប់មិនស្វែងប្រាក់ចំណេញមួយនេះបានស្នើសុំការពិនិត្យតេស្ត DNA និងការប្រៀបធៀបស្នាមម្រាមដៃ ដែលអាចបញ្ជាក់ពីភាពគ្មានទោសរបស់ Williams។

ទីបំផុត នៅក្នុងខែមិនា ឆ្នាំ២០១៩ ស្នាមម្រាមដៃរបស់លោក Williams ត្រូវបានបញ្ជូនទៅប្រព័ន្ធលេខសម្គាល់ស្នាមម្រាមដៃដ៏មានអនុភាព។ ហើយនៅទីបំផុតវាត្រូវបានបង្ហាញថា បុរសម្នាក់ដែលបានរំលោភផ្លូវភេទផ្សេងទៀតនៅក្នុងសង្កាត់ដដែល គឺជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែល Williams ត្រូវបានផ្តន្ទាទោស។

នៅខែនោះ ការចោទប្រកាន់របស់លោក Williams ត្រូវបានលុបចោលហើយនៅអាយុ ៥៨ឆ្នាំគាត់ត្រូវបានដោះលែង៕ ប្រភព៖ CNN 

 


 

adverise with khmeread