ស្គាល់អត្តសញ្ញាណបុរសដែលលោតពីអគារជាន់ទី១០នៅខណ្ឌសែនសុខជាជនជាតិខ្មែរ

ភ្នំពេញ ៖ បុរសម្នាក់ដែលលោតសម្លាប់ខ្លួនពីជាន់ទី១០នៃអគារមួយ កាលពីវេលាថ្ងៃត្រង់ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្បែរស្តុបស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវណតប្រ៊ីដ កែងមហាវិថីសហព័ន្ធរុស្ស៊ីនោះឥឡូវបានស្គាល់អត្តសញ្ញាណហើយ គាត់ជាជនជាតិខ្មែរ ។

សមត្ថកិច្ចអះអាងថា បុរសដែលធ្វើអត្តឃាតឈ្មោះ អ៊ុន ថនឌី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ 18Gផ្លូវ K4D ភូមិទ្រង់មាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្រ្តីជាប្រពន្ធព្រមទាំងបងប្អូនបានធ្វើដំណើរទៅកាន់ឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីទទួលយកសពប្តីដើម្បីចាត់ចែងបូជាតាមប្រពៃណីនៅរសៀលនេះ ហើយបានបញ្ជាក់អំពីអត្តសញ្ញាណដល់សមត្ថកិច្ច។

ទាក់ទិននឹងធ្វើអត្តឃាតខាងលើនេះ ត្រូវបានក្រុមគ្រួសារនិយាយថា «ដោយសារប្តីគាត់មានជំងឺសរសៃប្រសាទ។ គាត់មានបញ្ហាខួរក្បាលតាំងពីនៅរៀនប្រមាណ១០ឆ្នាំ មកហើយ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។ កន្លងមកគាត់តែងតែនិយាយរវើរវាយផ្តេសផ្តាស មិននឹកស្មានថា បានចាកចេញពីផ្ទះមកលោតសម្លាប់ខ្លួនបែបនេះសោះ»។ 

គួរបញ្ជាក់ថា បុរសរូបនោះបានធ្វើដំណើរទៅលោតសម្លាប់ខ្លូន ពីជាន់ទី១០ដំបូលអគារមន្ទីរពហុព្យាបាលនិងសម្ភពអឃីតផ្លាហ្សា ដែលស្ថិតនៅចំណុចកើតហេតុខាងលើ។ ភ្លាមៗតាមភិនភាគត្រូវគេសន្និដ្ឋានបឋមថា សង្ស័យជាជនជាតិចិន តែបន្ទាប់ពីស្រាវជ្រាវតាមរយៈទូរស័ព្ទ អស់រយៈពេល២ថ្ងៃទើបស្គាល់ អត្តសញ្ញាណថា «ជាជនជាតិខ្មែរ»៕ 

-->
adverise with khmeread