ទម្លាប់ឱ្យក្មេងមើលទូរទស្សន៍ច្រើនពេក រហូតក្មេងអាយុត្រឹម៧ឆ្នាំសោះក្លាហានហ៊ានតោងជញ្ជាំងផ្ទះ១១ជាន់

ប្រសិនបើលោកអ្នកធ្លាប់ឆ្ងល់ម៉េចក៏កូនរបស់អ្នកនៅសុខៗស្រាប់តែស្ងៀមស្ងាត់ខុសពីធម្មតា ប្រហែលដល់ពេលត្រូវពិនិត្យមើលពួកវាហើយ។

ប្តីប្រពន្ធមួយគូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលអ្នកជិតខាងមកប្រាប់ដំណឹងថា ៖ កូនអាយុ ៧ ឆ្នាំរបស់ពួកគេឃើញកំពុងឡើងតោងក្រៅបង្អួចអគារជាន់ទី ១១ របស់ពួកគេនៅក្នុងវីដេអូមួយ ដែលកំពុងល្បីនៅសិង្ហបុរី។

វីដេអូបានបង្ហាញក្មេងឡើងជាន់នៅខាងក្រៅបង្អួចបង្គន់និងបាញ់ទឹកពីលើគែមបង្អួចចុះមកក្រោម។

ទោះបីជាឧបទ្ទវហេតុនេះបានកើតឡើងតាំងពីថ្ងៃទី ៥ ខែកុម្ភៈក៏ដោយ ក៏ប៉ុន្តែវីដេអូនេះបានចាប់ផ្តើមល្បីថ្មីៗនេះ នៅពេលវាត្រូវបានចែកចាយទៅក្នុងគ្រុបជជែកកម្សាន្ត ដែលអ្នកជិតខាងប្រើប្រាស់ដើម្បីទាក់ទងឪពុកម្តាយរបស់ក្មេង។

ថ្លែងប្រាប់សារព័ត៌មាន Shin Min Daily News ឪពុកដែលសុំមិនបញ្ចេញឈ្មោះបានសារភាពថា បង្អួចមិនបានបិទនៅថ្ងៃនោះទេប៉ុន្តែចាប់តាំងពីពេលនោះវាត្រូវបានចាក់សោជាប់ហើយ។

លោកនិយាយថា "នៅថ្ងៃកើតហេតុ ខ្ញុំទៅដឹកកូនចេញពីសាលា មុនពេលចេញទៅធ្វើការ។ អ្វីៗគឺប្រក្រតីធម្មតា"។ 

ខណៈកូនប្រុសនិងកូនស្រីច្បងកំពុងធ្វើកិច្ចការសាលាក្នុងបន្ទប់ កូនពៅលេងតែឯង។ 

ខណៈកូនពៅអាយុ៧ឆ្នាំមិនដែលចេះលេងតោងខ្ពស់ៗបែបនេះ សកម្មភាពចម្លែករបស់វាបានធ្វើឱ្យពុកម្តាយស្រឡាំងកាំងជាខ្លាំង។ 

ឪពុករូបនោះបានប្រាប់សារព័ត៌មានដដែលថា​ "ខ្ញុំបានសួរកូនប្រុសខ្ញុំថាវាធ្វើអ៊ីចឹងដោយសារចង់ដឹងចង់ឮមែនទេ។ ប្រហែលវាមើលទូរទស្សន៍ច្រើនពេក និងគិតថាវាអាចហោះបាន។ ខ្ញុំនឹងរឹតបន្តឹងការមើលទូរទស្សន៍អនឡាញរបស់វាចាប់ពីឥឡូវនេះទៅ"៕ ប្រភព ៖ Asiaone 

-->
adverise with khmeread