ក្រុមហ៊ុនវៀតណាមមួយអាចនឹងផលិតវ៉ាក់សាំងកូវីដក្នុងកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិជ្ជាពីអាមេរិក

ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃសៅរ៍ទី១២មិថុនាថា ក្រុមហ៊ុនក្នុងស្រុកមួយរំពឹងផលិតវ៉ាក់សាំងកូវីដ១៩  បន្ទាប់ពីបានចរចាកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិជ្ជាជាមួយក្រុមហ៊ុនផលិតឱសថរបស់អាមេរិកដែលគេមិនបញ្ចេញឈ្មោះមួយ។

ក្រសួងសុខាភិបាលបាននិយាយនៅលើវេបសាយរបស់ខ្លួនកាលពីថ្ងៃសៅរ៍ថា វ៉ាក់សាំងនេះនឹងផ្អែកលើបច្ចេកវិជ្ជា mRNA ។ ដំបូងក្រសួងបានកំណត់ក្រុមហ៊ុនវៀតណាមឈ្មោះថា Vingroup JSC មុនពេលធ្វើបច្ចុប្បន្នភាពសេចក្តីថ្លែងការណ៍ដើម្បីដកឯកសារយោងនានាចេញ។

ក្រុមហ៊ុន Moderna Inc និងក្រុមហ៊ុន Pfizer Inc បានប្រើបច្ចេកវិជ្ជា mRNA នៅក្នុងវ៉ាក់សាំងរបស់ពួកគេ។ វេបសាយរបស់ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសៅរ៍ថាប្រទេសនេះបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង Pfizer ។ វ៉ាក់សាំងផ្សេងទៀតដែលត្រូវបានអនុម័តរួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm និង AstraZeneca Plc។

ក្រសួងសុខាភិបាលបាននិយាយថា រោងចក្រ ដែលក្រុមហ៊ុនឱសថក្នុងស្រុកបានវិនិយោគ អាចផលិតបាន ២០០ លានដូសក្នុងមួយឆ្នាំ ហើយគេរំពឹងថានឹងចាប់ផ្តើមផលិតវ៉ាក់សាំងចាប់ពីត្រីមាសទី ៤ ឆ្នាំ២០២១ ឬ ត្រីមាសទី ១ ឆ្នាំ ២០២២៕

-->
adverise with khmeread