ប្រព័ន្ធផ្សព្វផ្សាយរបស់របបយោធាមីយ៉ាន់ម៉ាចោទទាហានការ៉ែនថាសម្លាប់កម្មករ ២៥ នាក់

ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះ (១៤ មិថុនា) បានចោទប្រកាន់ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែនថាសម្លាប់កម្មករសំណង់ ២៥ នាក់នៅភាគខាងកើតនៃប្រទេស បន្ទាប់ពីបានចាប់ពង្រត់មនុស្ស ៤៧ នាក់កាលពីខែមុន។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមិនអាចទាក់ទងអង្គការការពារជាតិការ៉ែន (KNDO) ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ។ អ្នកនាំពាក្យរបបយោធាមិនបានឆ្លើយតបការតេទូរស័ព្ទដើម្បីសុំការអត្ថាធិប្បាយបន្ថែមនោះដែរ។

រ៉យទ័រមិនអាចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតនៃឧបទ្ទវហេតុនេះដោយឯករាជ្យ ឬអត្តសញ្ញាណរបស់អ្នកដែលត្រូវបានរាយការណ៍ថាបានស្លាប់នោះទេ។

ជម្លោះនៅតំបន់ព្រំដែននៅប្រទេសមីយ៉ាន់ម៉ាបានឆេះរាលដាលនៅកន្លែងជាច្រើនចាប់តាំងពីកងទ័ពបានកាន់កាប់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈនិងបានផ្តួលរំលំមេដឹកនាំជាប់ឆ្នោតលោកស្រីអ៊ុងសានស៊ូជី។

កាសែត Global New Light of Myanmar និងទូរទស្សន៍ Myawaddy គ្រប់គ្រងដោយយោធាបានបង្ហាញរូបភាពនៃអ្វីដែលមើលទៅដូចជាសាកសពចំនួន ២៥ ដាក់នៅក្នុងព្រៃ។

ពួកគេបាននិយាយថាបុរសទាំងនោះបានធ្វើការនៅលើស្ពាន Uhu Creek នៅស្រុក Myawaddy ជិតព្រំដែនជាមួយប្រទេសថៃ ហើយត្រូវបានចាប់ពង្រត់ពីការដ្ឋានសំណង់កាលពីថ្ងៃទី ៣១ ខែឧសភានៅក្នុងក្រុមមួយដែលមានកុមារ ១០ នាក់និងស្ត្រី ៦ នាក់ផងដែរ។

កាសែត Global New Light of Myanmar បាននិយាយថាសាកសពសរុប ៧ នាក់ត្រូវបានរកឃើញនៅថ្ងៃទី ១១ មិថុនាដោយមួយត្រូវបានដុត និងមួយផ្សេងទៀតត្រូវបានចងដៃនៅខាងក្រោយខ្នង។ កាសែតនេះបាននិយាយថាសាកសព ១៨ ផ្សេងទៀតត្រូវបានរកឃើញនៅថ្ងៃទី ១២ មិថុនា។

សេចក្តីរាយការណ៍បាននិយាយថា "មន្ត្រីមកពីការដ្ឋានសាងសង់ស្ពានបានពិនិត្យសាកសពដែលមានអត្តសញ្ញាណប័ណ្ណដើម្បីជូនដំណឹងដល់ឪពុកម្តាយនិងសាច់ញាតិ" ៕ ប្រភព ៖ CNA


 

-->
adverise with khmeread