លោក Jose Mourinho លាតត្រដាងថា គាត់យំនិងបន់ស្រន់កុំឱ្យ Christian Eriksen មានរឿងអីកើតឡើង

លោក Jose Mourinho បានបង្ហើបឱ្យដឹងថាលោកបានយំនិងបន់ព្រះ បន្ទាប់ពីឃើញ Christian Eriksen ដួលលើទីលានបន្ទាប់ពីគាំងបេះដូង ពេលកំពុងលេងឱ្យជម្រើសជាតិដាណឺម៉ាកនៅ Euro ២០២០ ។

កីឡាករ Eriksen អាយុ ២៩ ឆ្នាំបានដួលផ្កាប់មុខក្នុងហេតុការដ៏គួរឱ្យរន្ធត់ អំឡុងពេលប្រកួតជាមួយហ្វាំងឡង់កាលពីថ្ងៃសៅរ៍និងតម្រូវឱ្យមានសង្គ្រោះបន្ទាន់ ។

បន្ទាប់ពីទទួលការសង្គ្រោះបន្ទាន់ពីគ្រូពេទ្យរួច និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនោះ តារាបាល់ទាត់ជនជាតិដាណឺម៉ាក Eriksen បានដឹងខ្លួននិងស្ថិតក្នុងស្ថានភាពនឹងនរនៅឯមន្ទីរពេទ្យ Copenhagen ។

ក្នុងចំណោមអ្នកដែលមើលហេតុការណ៍ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ គឺលោក Mourinho ដែលបានបង្វឹកកីឡាករ Eriksen អស់រយៈពេល ២ ខែនៅឯក្លិប Tottenham ហើយជាគ្រូបង្វឹកដែលមានបទពិសោធន៍បានសារភាពថា ប្រតិកម្មរបស់គាត់គឺជាការភ្ញាក់ផ្អើល។

លោក Mourinho បានប្រាប់ talkSPORT ថា "ថ្ងៃនេះខ្ញុំមិនអាចឈប់គិតអំពីអ្វីដែលបានកើតឡើងកាលពីម្សិលមិញទេ ។ ខ្ញុំគិតថាវាជាថ្ងៃដែលត្រូវអបអរមិនមែនជាថ្ងៃសោកសៅទេ"។

"សង្ឃឹមថាបាល់ទាត់ប្រព្រឹត្តទៅតាមការរៀបចំ ហើយវេជ្ជបណ្ឌិតនិងអ្នកឯកទេស និងខ្ញុំក៏ជឿថាព្រះជាម្ចាស់កំពុងមើលបាល់ទាត់នៅពេលនោះដែរ។ អ្វីៗទាំងអស់រួមគ្នាធ្វើឱ្យ Christian នៅជាមួយយើង នៅជាមួយគ្រួសាររបស់គាត់ និងនៅមានជីវិត"។

វេជ្ជបណ្ឌិតក្រុមជម្រើសជាតិដាណាម៉ាកលោក Morten Boesen បានបញ្ជាក់ថា Eriksen បានផុតដង្ហើមមួយសន្ទុះធំ មុនពេលសង្គ្រោះគាត់ទាន់ពេលវេលា ប៉ុន្ដែមូលហេតុបង្ក បច្ចុប្បន្នមិនទាន់ច្បាស់ការនៅឡើយ។

ហើយបច្ចុប្បន្នកីឡាកររូបនេះកំពុងសម្រាកក្នុងមន្ទីរពេទ្យ និងអាចផ្ញើសារទៅមិត្តរួមក្រុមដែលបន្តការប្រកួតដោយបញ្ចប់លទ្ធផលចាញ់ហ្វាំឡង់១ទល់នឹង០៕


 

-->
adverise with khmeread