ម្តាយសម្លាប់កូន៥នាក់ក្នុងចំណោមកូនទាំង៦ បន្ទាប់ពីអតីតប្តីមានមិត្តស្រីថ្មី

ម្ដាយជនជាតិអាល្លឺម៉ង់ម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់កូន ៥ នាក់ក្នុងចំណោមកូន ៦ នាក់របស់ពួកគេដោយដាក់ថ្នាំក្នុងអាហារពេលព្រឹកនិងខ្ទប់ដង្ហើមពួកគេឱ្យស្លាប់បន្ទាប់ពីមានជម្លោះជាមួយអតីតស្វាមីរបស់នាង បានបង្ហាញខ្លួននៅតុលាការ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី១៤មិថុនា។

នាង Christiane K អាយុ ២៨ ឆ្នាំត្រូវបានចោទប្រកាន់ពីបទធ្វើឃាតកូន ៥ នាក់របស់នាងដែលមានអាយុចន្លោះពី ១ ឆ្នាំទៅ ៨ ឆ្នាំ បន្ទាប់ពីបានដាក់ថ្នាំកម្រិតខ្ពស់ក្នុងអាហារពួកគេនៅទីក្រុង Solingen កាលពីខែកញ្ញា។

កាលពីថ្ងៃចន្ទនាងបានឡើងសវនាការនៅឯតុលាការក្នុងទីក្រុង Wuppertal ប្រទេសអាល្លឺម៉ង់ ទោះបីម្តាយកូន ៦ រូបនេះមិនព្រមនិយាយអ្វីសោះនិងមិនរំពឹងផ្តល់សក្ខីកម្មក៏ដោយ។

តុលាការនិយាយថា ជនជាប់ចោទបានផ្តល់អាហារដល់កូនៗរបស់នាងដោយលាយស្រាក្រឡុកមានថ្នាំពេទ្យ ៣ កញ្ចប់ និងធ្វើឱ្យពួកគេមានស្ថានភាពរវើរវាយដើម្បីងាយស្រួលខ្ទប់ដង្ហើមពួកគេឱ្យស្លាប់។

រដ្ឋអាជ្ញាអះអាងថាបន្ទាប់មកនាង Christiane បានយកកូនចូលទៅបន្ទប់ទឹកម្តងម្នាក់ៗហើយជ្រមុជទឹកឱ្យលង់ទឹកឬខ្ទប់ដង្ហើមឱ្យស្លាប់នៅក្នុងអាងងូតទឹក។

នាងត្រូវបានចោទប្រកាន់ថាសម្លាប់កូនៗដោយសារតែអតីតស្វាមីរបស់នាងបានរកឃើញគូស្នេហ៍ថ្មី។

ម្តាយកូន៦រូបនេះ ដែលអាចជាប់គុកអស់មួយជីវិតប្រសិនបើរកឃើញទោសកំហុស បានអះអាងថា ជនចម្លែកពាក់ម៉ាស់ម្នាក់បានឆ្មក់ចូលផ្ទះ ហើយសម្លាប់កូនរបស់នាង៕ 

-->
adverise with khmeread