លោកណេតាន់យ៉ាហ៊ូពន្លះលោកបាយដិនខ្លាំងៗក្នុងសុន្ទរកថាលាលែងពីតំណែង និងថាអ៊ីរ៉ង់កំពុងសប្បាយចិត្ត ព្រោះអត់ពីគាត់អ៊ីស្រាអែលនឹងខ្សោយ

អតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូបានពន្លះខ្លាំងៗទៅលើប្រធានាធិបតីអាមេរិក ចូ បាយដិន នៅក្នុង "សុន្ទរកថាបែបក្តៅឆេះដុំ" នៅថ្ងៃចុងក្រោយរបស់លោកនៅក្នុងតំណែងនាយករដ្ឋមន្ត្រី មុនពេលប្រគល់អំណាចជាផ្លូវការកាលពីថ្ងៃចន្ទ ដោយព្រមានថា អ៊ីរ៉ង់នឹងអបអរបរាជ័យរបស់លោកពីព្រោះអ៊ីស្រាអែលនឹងទន់ខ្សោយ។

នៅក្នុងសុន្ទរកថាពោរពេញដោយកំហឹង ដែលគ្រោងធ្វើឡើងតែ ១៥ នាទីប៉ុន្តែបានដំណើរការរហូតជាងកន្លះម៉ោង លោកណេតាន់យ៉ាហ៊ូបាននិយាយថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងអបអរចំពោះបរាជ័យរបស់លោក ពីព្រោះពួកគេយល់ថាចាប់ពីថ្ងៃនេះតទៅនឹងមានរដ្ឋាភិបាលទន់ខ្សោយនិងមិនមានស្ថិរភាព ដែលនឹងត្រូវរណបតាមគំនាបសហគមន៍អន្តរជាតិ។

បន្ទាប់មកគាត់បានងាកមកពន្លះលើអ្នកស្នងតំណែងបន្តនិងជាអតីតសម្ព័ន្ធមិត្តរបស់គាត់ គឺ លោក ណាហ្វតាលី បិនណេត (Naftali Bennett) នៅក្នុងសុន្ទរកថាដ៏កម្រោលមួយ ដោយហៅរដ្ឋាភិបាលថ្មីថា "អាក្រក់គួរឱ្យខ្លាច" និង "គ្រោះថ្នាក់" ហើយប្តេជ្ញាថាលោកនឹងវិលត្រឡប់ទៅរកទីកំពូលនៃនយោបាយអ៊ីស្រាអែលវិញឆាប់ៗ។

លោកបានមានប្រសាសន៍ថា "បក្សប្រឆាំងនៅអ៊ីស្រាអែលនឹងមានសំឡេងច្បាស់និងខ្លាំងក្លា" ដោយសន្យាថានឹង "ប្រយុទ្ធរាល់ថ្ងៃ" ដើម្បី "ផ្តួលរំលំ" រដ្ឋាភិបាលចម្រុះដ៏ផុយស្រួយនេះ។

ក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យ លោកណេតាន់យ៉ាហ៊ូបានបន្តព្រមានលោកបាយដិនកុំឱ្យចរចាដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ឡើងវិញ ដោយនិយាយថា ការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនេះ "នឹងគំរាមកំហែងដល់ការរស់រានរបស់ប្រទេសអ៊ីស្រាអែល"។

លោកបានប្រាប់សភាថា "នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអ៊ីស្រាអែលត្រូវតែហ៊ាននិយាយបដិសេធប្រធានាធិបតីអាមេរិកលើបញ្ហានានា ដែលគំរាមកំហែងដល់អាយុជីវិតប្រទេសយើង"៕

-->
adverise with khmeread