Donnie Yen សារភាពថាខ្លាច Mike Tyson ជ្រុលដៃវ៉ៃគាត់ស្លាប់ ព្រោះគាត់ជាអ្នកប្រដាល់អាជីព មិនមែនជាអ្នកសម្តែងអាជីពទេ

តារាសម្តែងក្បាច់គុនហុងកុងលោក  Donnie Yen Ji-dan នៅតែចងចាំពីរឿងបំលាស់ទីកណ្តាប់ដៃលឿនដូចរន្ទះពីអតីតអ្នកប្រដាល់អាជីព Mike Tyson ដែលហើរក្បែរក្បាលហើយដាល់ទៅលើបាវខ្សាច់។ Tyson បានសម្ដែងជាគូប្រជែង Yen ក្នុងរឿង IP MAN 3 (ឆ្នាំ ២០១៥) ហើយ Yen និយាយថាគាត់ខ្លាចត្រូវដាល់ស្លាប់ដោយចៃដន្យដោយអតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់រូបនេះ។

លោក Yen និយាយថា "ខ្ញុំជាអ្នកគាំទ្រម្នាក់ដែលបានមើលការប្រកួតប្រដាល់របស់គាត់រហូតដល់ម៉ោង ៤ ឬ ៥ ព្រឹកនៅលើកញ្ចក់ទូរទស្សន៍នៅហុងកុងពេលខ្ញុំនៅក្មេង។ ខ្ញុំរំភើបចិត្តដែលបានឃើញគាត់ផ្ទាល់នៅពេលថតខ្សែភាពយន្ត។ ខ្ញុំបារម្ភថាគាត់ប្រហែលជាមិនទប់កម្លាំងដាល់ទាំងស្រុងបានទេ ព្រោះគាត់មិនមែនជាតារាសម្ដែង។ ខ្ញុំត្រូវប្រយ័ត្នប្រយែងបំផុត។ ខ្ញុំបានមើលឃើញថា វាជាការប្រកួតប្រដាល់ស្លាប់រស់។ គ្រាន់តែការធ្វេសប្រហែសតិចតួច វាអាចបណ្តាលឱ្យស្លាប់បាន"។

ឥឡូវនេះនៅលើឆាកផ្សព្វផ្សាយជាសាធារណៈសម្រាប់ខ្សែភាពយន្តចុងក្រោយរបស់គាត់គឺ Raging Fire ដែលជាខ្សែភាពយន្តចុងក្រោយផលិតដោយអ្នកដឹកនាំរឿង Benny Chan Muk-sing លោក Yen ចងចាំពីកណ្តាប់ដៃរបស់ Tyson ដែលហោះឆ្ពោះទៅរកគាត់។

គាត់បន្តថា "ក្នុងឈុតនោះខ្ញុំត្រូវឱនក្បាលខ្ញុំ ពេលកណ្ដាប់ដៃកៀកនឹងក្បាលខ្ញុំ ហើយប៉ះសក់ខ្ញុំ។ ខ្ញុំត្រូវឱនក្បាលរបស់ខ្ញុំនៅពេលនោះភ្លាមៗ ដូច្នេះកណ្តាប់ដៃរបស់គាត់បានវាយខុសលើខ្ញុំ ហើយបានទៅដាល់លើបាវនៅជាប់ខ្ញុំ ដែលបានខ្ទាតចេញយ៉ាងខ្លាំង។ គាត់ត្រូវប្រើកម្លាំងច្រើនដើម្បីបោះកណ្តាប់ដៃ។ នៅពេលកណ្តាប់ដៃរបស់គាត់មកដល់ខ្ញុំមានអារម្មណ៍ថា ដូចជាឡានដឹកទំនិញធំមួយកំពុងបក់មករកខ្ញុំអ៊ីចឹង។ ខ្ញុំនៅតែអាចចាំពីអារម្មណ៍គ្រោះថ្នាក់នេះបាន" ៕ 


 

-->
adverise with khmeread