ការសិក្សារកឃើញថា វ៉ាក់សាំងកូវីដមិនបានបន្ថយបរិមាណមេជីវិតឈ្មោលទេ មានតែបង្កើន

ការសិក្សាថ្មីមួយបានបង្ហាញថា វ៉ាក់សាំងកូវីដ១៩មិនបានបន្ថយចំនួនមេជីវិតឈ្មោលឬគុណភាពទឹកកាមរបស់បុរសទេ ហើយថែមទាំងអាចបង្កើនបរិមាណទឹកកាមដែលពួកគេផលិតទៀតផង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៧មិថុនា។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យម៉ៃអាមីបានសិក្សាពីចំនួនមេជីវិតឈ្មោលចំពោះបុរសដែលបានចាក់វ៉ាក់សាំងថ្មីៗហើយប្រៀបធៀបលទ្ធផលទៅនឹងចំនួនមេជីវិតឈ្មោលរបស់ពួកគេមុនពេលចាក់វ៉ាក់សាំង។

ពួកគេមិនបានរកឃើញការថយចុះចំនួនមេជីវិតឈ្មោលចំពោះបុរសដែលបានចាក់វ៉ាក់សាំង Pfizer-BioNTech ឬ Moderna មួយឬក៏ពីរដូសនោះទេ និងចំនួនមេជីវិតឈ្មោលជាមធ្យមមានតែកើនឡើងថែមទៀត។

ក្រុមអ្នកស្រាវជ្រាវនិយាយថាការរកឃើញនេះបានលុបបំបាត់ចោលនូវពាក្យចចាមអារ៉ាមមិនពិតដែលបានផ្សព្វផ្សាយនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមប្រឆាំងនឹងវ៉ាក់សាំងកូវីដ១៩ ដែលថាបុរសដែលចាក់វ៉ាក់សាំងរួចនឹងប៉ះពាល់ដល់ការមានកូន៕


 

-->
adverise with khmeread