Fernandinho យល់ព្រមទទួលយកកិច្ចសន្យាលេងមួយឆ្នាំទៀតជាមួយក្លឹប Manchester City

        កីឡាករ Fernandinho ប្រធានក្រុម Manchester City បានយល់ព្រមព្រៀង​ទទួលយកកិច្ចសន្យាថ្មីបន្តរយៈពេលមួយឆ្នាំទៀត។

            កីឡាករសញ្ចាតិប្រេស៊ីលរូបនេះបានដើរតួនាទីសំខាន់នៅក្នុងការគ្រងតំណែងជើងឯករបស់ក្រុម Manchester City នៅរដូវកាលនេះ ខណៈពួកគេបន្តលើកពាន​ក្របខណ្ឌ Premier League ហើយកីឡាករជើងចាស់រូបនេះត្រូវបានគេចាត់ទុកថា​ ជាសមាជិកដ៏សំខាន់នៅក្នុងក្រុមរបស់លោក Pep Guardiola ។

            ខ្សែបម្រើរូបនេះដែលឈានចូលវ័យ៣៦ឆ្នាំកាលពីខែមុនត្រូវបានកាត់បន្ថយពេលវេលាបង្ហាញមុខក្នុងការប្រកួត ប៉ុន្តែបានប្រឹងប្រែងរហូតត្រឡប់កាន់ក្រុមជម្រើសវិញ ខណៈក្រុមនេះបានបោះជំហាននៅក្នុងការប្រកួតក្របខណ្ឌ Champions League ។

            Fernandinho មិនត្រូវបានដាក់ឲ្យលេងទេ អំឡុង​ពេលក្រុម City ប្រកួតចាញ់ក្រុម Chelsea នៅទីក្រុងព័រតូ​ ដោយគ្រូបង្វឹក Guardiola សម្រេចចិត្តដាក់កីឡាករ Ilkay Gundogan លេងនៅតំណែងបម្រើជំនួសវិញ។

            Fernandinho នឹងឈានដល់រដូវកាលទី​៩របស់ខ្លួននៅពហុកីឡាដ្ឋាន Etihad Stadium ហើយកន្លងមក ក្លឹប City បានពិភាក្សាពីលទ្ធភាពទទួលការងារជាមួយក្លឹបនេះផងដែរ ក្រោយពេលខ្លួនសម្រេចចិត្តចូលនិវត្ត។

            ទោះបីជាយ៉ាងណា Fernandinho នៅពេលនេះនឹងផ្តោតការយកចិត្តទុកដាក់ទៅលើអាជីពរបស់ខ្លួន​នៅក្នុងរយៈពេល១២ខែចុងក្រោយនេះក្រោមការដឹកនាំរបស់លោក Guardiola បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀង៕

-->
adverise with khmeread