Chelsea ត្រៀមបញ្ចូល Marcos Alonso ក្នុងកិច្ចព្រមព្រៀង ដើម្បីនាំយក Achraf Hakimi

            ក្លឹប Chelsea កំពុងបន្តការចរចាកិច្ចសន្យា ដើម្បីផ្ទេរ​ខ្សែការពារ​ស្លាបស្តាំ Achraf Hakimi របស់ក្លឹប Inter Milan ខណៈកីឡាករ Marcos Alonso អាចនឹងផ្ទេរទៅចូលរួមជាមួយក្លឹប Inter Milan ។

            Inter Milan ត្រូវការថវិកា ហើយកំណត់តម្លៃ​កីឡាករ Hakimi វ័យ២២​ឆ្នាំ​ ៦០លានផោន​ ប៉ុន្តែ​បានបង្ហាញចំណាប់អារម្មណ៍លើ​កិច្ចព្រមព្រៀងដែលមានតម្លៃត្រឹម​៥២លានផោន ដែលមានបញ្ចូលកីឡាករ Alonso វ័យ៣០ឆ្នាំ​។

            ការមកដល់របស់ Hakimi នឹងបន្ថែមការប្រកួតប្រជែង​នៅតំណែងខ្សែការពារស្លាបស្តាំ​ ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយកីឡាករ Reece James ខណៈក្លឹបជើងឯកក្របខណ្ឌ Champions League នេះត្រៀម​ធ្វើឲ្យបានល្អនៅរដូវកាលក្រោយ។

            បន្ទាប់ពីផ្ទេរពីក្លឹប Real Madrid ក្នុងតម្លៃ​៤០លានផោន​កាលពីដើម​រដូវកាលមុន Hakimi ខកខានការប្រកួតតែមួយលើកប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Antonio Conte ដើម្បីជួយក្រុមនេះលើកពានជើងឯក។

            ប៉ុន្តែក្លឹបយក្សអ៊ីតាលីនេះទំនងជាចង់បានការដោះដូរដែលមានការបញ្ចូលកីឡាករ Alonso។

            Alonso នៅជាមួយពហុកីឡាដ្ឋាន Stamford Bridge រយៈពេល​៥ឆ្នាំមកហើយ​ ហើយត្រូវបានគ្រូបង្វឹកថ្មី Thomas Tuchel កោះហៅ​មកចូលក្រុមជម្រើសដំបូងវិញ បន្ទាប់ពីគ្រូបង្វឹករូបនេះមកដឹកនាំកាលពីខែមករា​ ប៉ុន្តែ​អាចនឹងក្លាយជាកីឡាករលើសតម្រូវការ៕

-->
adverise with khmeread