ក្រុមអ្នកគាំទ្រក្លឹប Everton លើកបដាតវ៉ានឹងផែនការតែងតាំងលោក Rafael Benitez ជាគ្រូបង្វឹក

            ក្រុមអ្នកគាំទ្រ​របស់ក្លឹប Everton ដែលមិនសប្បាយចិត្ត​បាននាំគ្នា​លើកបដា​ប្រឆាំងនឹងលោក Rafael Benitez នៅក្រៅពហុកីឡាដ្ឋាន Goodison Park ដើម្បីតវ៉ានឹងការចរចានាំយកគ្រូបង្វឹករូបនេះមកដឹកនាំ​ក្លឹប។

            លោក Rafael Benitez ជាអតីតគ្រូបង្វឹក​ក្រុម Liverpool ដែលលើកពាន​ Champions League អំឡុងពេលលោកដឹកនាំរយៈ​ពេល​៦​ឆ្នាំ​នោះ​នៅតែទទួលបានការគោរពនៅឡើយនៅពហុកីឡាដ្ឋាន Anfield។

            ទំនាក់ទំនងរបស់លោក​ជាមួយក្រុមហង្សក្រហម​បានធ្វើ​ឲ្យក្រុម​អ្នកគាំទ្រ​ក្លឹប​ Everton មិនសប្បាយចិត្ត​ជុំវិញលទ្ធភាពនៃការនាំយកគ្រូបង្វឹកវ័យ៦១​ឆ្នាំរូបនេះមកដឹកនាំ។

            កាលពីយប់ថ្ងៃព្រហស្បតិ៍​ បដាជាច្រើនត្រូវបានគេមើលឃើញដាក់នៅខាងក្រៅពហុកីឡាដ្ឋាន Goodison ដោយមានសារយ៉ាងច្បាស់​ថា អ្នកគាំទ្រ​មិនត្រូវការ​លោក Benitez ។

            លោក Benitez​ មានបទពិសោធច្រើនក្រាសក្រែល​ ហើយច្បាស់ណាស់ថា លោកមានគុណសម្បត្តិក្នុងការទទួលបានការងារនេះ ប៉ុន្តែថ្នាក់ដឹកនាំមានការខ្វែងគំនិតគ្នាជុំវិញការតែងតាំងលោក៕

-->
adverise with khmeread