ប្រើកាំភ្លើងបាញ់អតីតប្រពន្ធរងរបួសធ្ងន់ដោយសាររឿងប្រចណ្ឌ

ព្រះសីហនុ ៖ កម្លាំងប៉ូលិសជំនាញខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់បានប្រើអាវុធខ្លីបាញ់អតីតប្រពន្ធខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដោយសាររឿងប្រចណ្ឌ ដែលអំពើហិង្សាក្នុងគ្រួសារខាងលើនេះ កើតឡើងកាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ផង់ សុភាព ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្រុមទី ២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ រងរបួសត្រូវ១គ្រាប់ចំទ្រូងខាងឆ្វេងរបួសធ្ងន់ កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ ជា សុវណ្ណារ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកបានរួមមាន កាំភ្លើងខ្លី១ដើម ម៉ាក K54 ពណ៌ខ្មៅ និងគ្រាប់ចំនួន៦គ្រាប់។ 

ប៉ូលិសបន្តថា អំពើហិង្សាខាងលើបង្កដោយជនសង្ស័យដែលជាអតីតប្តីរបស់ជនរងគ្រោះ ដែលបានប្រើអាវុធខ្លីបាញ់ទៅអតីតប្រពន្ធ បណ្តាលឱ្យត្រូវមួយគ្រាប់ចំដើមទ្រូងខាងឆ្វេងរបួសធ្ងន់ហើយជនសង្ស័យរត់គេចខ្លួនបាត់។ 

ក្រោយហេតុការណ៍កើតឡើង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការប៉ូលិសខេត្តព្រះសីហនុ ក៏បានបញ្ជាកម្លាំងប៉ូលិសជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ូលិសអន្តរាគមន៍ពិសេស, កម្លាំងប៉ូលិសក្រុង និងកម្លាំងប៉ូលិសប៉ុស្តិ៍សង្កាត់លេខ៤ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ រួចធ្វើការហុំព័ទ្ធបរិវេណគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះដែលជនសង្ស័យសម្ងំលាក់ខ្លួន និងធ្វើការស្វែងរកជនសង្ស័យយ៉ាងចិត្តទុកដាក់។

ប៉ូលិសបន្តទៀតថា រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹក ទើបកម្លាំងប៉ូលិសចម្រុះឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចអគារក្នុងព្រៃមួយកន្លែងក្បែរផ្ទះជនរងគ្រោះ ហើយបន្តស្វែងរកវត្ថុតាងអាវុធខ្លីដែលជនសង្ស័យបានបោះចោលពេលធ្វើសកម្មភាពរួច និងបានរកឃើញនៅចំណុចគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះ រួចបាននាំជនសង្ស័យនិងវត្ថុតាង មកកាន់ស្នងការដ្ឋានប៉ូលិសខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕


 

-->
adverise with khmeread