តារាសម្តែងហុងកុងងាកមកចាប់អាជីពជាសន្តិសុខ ដោយសារកូវីដ១៩ រឹតត្បិតឱកាសម្តែង

តារាសម្តែងហុងកុងនាង Kate Yeung ដែលមិនបានបង្ហាញខ្លួនជាសាធារណៈច្រើនឆ្នាំកន្លងមកបានធ្វើការជាសន្តិសុខនៅសាកលវិទ្យាល័យមួយ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតហុងកុង Apple Daily តារាវ័យ ៣៦ ឆ្នាំរូបនេះបានបង្ហើបថា នាងបានធ្វើការជាសន្តិសុខពេញម៉ោងអស់រយៈពេលមួយឆ្នាំមកហើយ ដោយសារតែការងារសម្តែងរាំងស្ងួតក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ។

សូម្បីមុនពេលធ្វើជាសន្តិសុខពេញម៉ោង នាងបានធ្វើការក្រៅម៉ោងជាអ្នកលក់ផ្កានិងអ្នករត់តុ។ 

នាងនិយាយថា "ខ្ញុំពិតជាមានអំណរគុណណាស់សម្រាប់ឆ្នាំកន្លងមកនេះ។ ដោយសារខ្ញុំចូលប្រឡូកក្នុងឧស្សាហកម្មនេះតាំងពីអាយុ ១៦ ឆ្នាំ ខ្ញុំពិតជាមិនស្គាល់ពិភពខាងក្រៅ ក្រៅពីការសម្ដែងទេ"។

នាងបានបន្ថែមទៀតថាការធ្វើការនៅក្នុងការងារផ្សេងៗបានផ្តល់នូវបទពិសោធន៍ដែលត្រូវការចាំបាច់របស់នាង។

"តួសម្តែងល្អទាមទារបទពិសោធន៍ដូច្នេះខ្ញុំតែងតែមានគំនិតព្យាយាមធ្វើការនៅក្នុងឧស្សាហកម្មផ្សេងៗគ្នាដើម្បីទទួលបានបទពិសោធន៍។ ប៉ុន្តែសមត្ថភាពនិងពេលវេលារបស់ខ្ញុំនៅមានកម្រិតព្រោះខ្ញុំមានរាងកាយតែមួយ" ។

នាងបាននិយាយថាការងារនេះបានអនុញ្ញាតឱ្យនាងចេញពីផ្ទះនិងឈប់រស់នៅលើព័ត៌មានកូវីដ១៩ ។ នាងក៏ត្រូវស្គាល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ដែលធ្វើឱ្យនាងកាន់តែសម្បូរបែប។ នាងបានបន្ថែមទៀតថា នាងមានការសោកស្តាយដែលបានចាកចេញពីការងាររបស់នាងនៅចុងខែនេះ (មិថុនា) ។

Yeung ដែលត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់សេះមាសសម្រាប់តួឯករងល្អដាច់គេសម្រាប់ខ្សែភាពយន្ត 20 30 40 ក្នុងឆ្នាំ ២០០៤ មានគម្រោងថតកុនថ្មីដែលនឹងមកដល់ឆាប់ៗ ហើយការហាត់សមនឹងចាប់ផ្តើមនៅខែក្រោយ។

នាងបាននិយាយថា "ខ្ញុំមិនដែលចាកចេញពីវិស័យសិល្បៈទេ ហើយខ្ញុំក៏មិនបោះបង់ចោលដែរព្រោះខ្ញុំពិតជាចូលចិត្តសម្ដែងខ្លាំងណាស់"៕ ប្រភព ៖ Asiaone

-->
adverise with khmeread