ឆ្កែ៦៨ក្បាលត្រូវបានសង្គ្រោះពីឆ្នាំងស៊ុប នៅមុនពិធីបុណ្យស៊ីសាច់ឆ្កែប្រចាំឆ្នាំដ៏ចម្រូងចម្រាសនៅចិន

សកម្មជនការពារសត្វចិននៅក្នុងទីក្រុងមួយនៅភាគខាងត្បូងប្រទេសចិនបានស្ទាក់ចាប់ឡានដឹកទំនិញមួយកាលពីសប្តាហ៍មុនដែលផ្ទុកឆ្កែចំនួន ៦៨ ក្បាលដែលត្រៀមសម្រាប់ឆ្នាំងស៊ុបសម្រាប់ពិធីបុណ្យស៊ីសាច់ឆ្កែដ៏ល្បីល្បាញ។

យោងតាមអង្គការ Humane Society International (HSI) សត្វឆ្កែត្រូវបានស្ទាក់ចាប់នៅខាងក្រៅទីក្រុង Yulin ក្នុងតំបន់ស្វយ័ត Guangxi ។ ឆ្កែភាគច្រើនមានសុខភាពខ្សោយហើយពួកវាមួយចំនួនបានហុចក្រញាំទៅក្រុមសកម្មជន ដែលជាអាកប្បកិរិយាមួយបង្ហាញថាសត្វទាំងនោះត្រូវបានលួច។

សកម្មជនសុខុមាលភាពសត្វ Guangxi ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ពួកគេសង្ឃឹមថាអាជ្ញាធរនឹងរឹបអូសសត្វឆ្កែនៅពេលពួកវាទៅដល់ Yulin ប៉ុន្តែបានសម្រេចចិត្តជួយសង្គ្រោះសត្វឆ្កែដោយខ្លួនឯងនៅពេលដែលគ្មានសកម្មភាពពីអាជ្ញាធរ។

សកម្មជនរូបនេះបាននិយាយថា "អាជ្ញាធរនៅ Yulin មានការទទួលខុសត្រូវក្នុងការការពារសុខភាពសាធារណៈ។ តើនរណាដឹងថាសត្វឆ្កែទាំងនេះអាចមានជំងឺអ្វីខ្លះមុនពេលដឹកដល់ទីផ្សារអាហារ"។

សត្វឆ្កែទាំងនេះត្រូវបានផ្លាស់ប្តូរទៅកន្លែងស្នាក់នៅបណ្តោះអាសន្នដើម្បីសម្រាកយកកម្លាំងនិងទទួលបានការថែទាំពីបសុពេទ្យ មុនពេលបុគ្គលិកផ្ទេរវាទៅទីជម្រកថ្មីដែលគាំទ្រដោយ HSI៕ 

-->
adverise with khmeread