បុរសម្នាក់បូមទឹកនៅមុខផ្ទះបម្រុងបាញ់ទឹកជ្រូក ឆក់ខ្សែភ្លើងស្លាប់

ពោធិ៍សាត់ ៖ មានករណីខ្សែភ្លើងឆក់បណ្តាលឱ្យបុរសម្នាក់ស្លាប់ កើតឡើងនៅចំណុចប្រឡាយទឹកនៅមុខផ្ទះរបស់ជនរងគ្រោះ កាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង១៥នាទីព្រឹក នៅចំណុចភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ហែម សុផល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ គង់ សុភ័ក្រ អាយុ៤០ឆ្នាំ។

តាមការរៀបរាប់របស់ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង១៥នាទីព្រឹក ប្ដីរបស់ខ្លួនបានរៀបចំបូមទឹកនៅមុខផ្ទះបម្រុងបាញ់ទឹកជ្រូក ហើយរអ៊ូថា «ក្បាលបូមទឹកវារកខូច»។ ពេលនោះខ្លួនក៏លើកកូនដាក់ទៅលើគោយន្តហើយប្ដីរបស់ខ្លួនក៏រាយខ្សែភ្លើងដាក់ចំលើដែកគោលដែលបានដំ ជាប់នៅដើមស្វាយ រំពេចនោះក៏ត្រូវខ្សែភ្លើងឆក់ដួលប្រកាច់ក្នុងក្រឡុកទឹក ហើយខ្សែភ្លើងនៅពីលើខ្លួនប្ដីរបស់ខ្លួន។

ពេលនោះខ្លួនក៏រត់ទៅដកព្រី រួចក៏មកចាប់លើកប្ដី លើកមិនរួចក៏ហៅឈ្មោះ វីន មកឱ្យជួយលើក ពេលនោះខ្លួនក៏រឹតទ្រូងប្ដីធ្វើចលនាបេះដូងហើយប្ដីខ្លួនបានដឹងខ្លួនក៏សួរថា «ដកព្រីភ្លើងហើយនៅ?» ខ្លួនថាដករួចហើយពេលនោះក៏បាននាំគ្នាលើកគាត់ដាក់នៅលើគ្រែ ហើយប្តីខ្លួនបានបែកពពុះមាត់ ហើយបាននាំគ្នាដឹកគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថាគាត់ដាច់ខ្យល់បាត់ទៅហើយខ្លួនក៏បានឱ្យគ្រូពេទ្យដាក់ខ្យល់អុកស៊ីសែន។ ពេលនោះគ្រូពេទ្យប្រាប់ថា «ដាក់មិនកើតទេគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ» ពេលនោះខ្លួនក៏បានដឹកសាកសពប្ដី មកផ្ទះវិញដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ឯក ឯម រុន អធិការស្រុកក្រគរបានឱ្យដឹងថា ករណីខ្សែភ្លើងឆក់ជនរងគ្រោះស្លាប់ខាងលើគឺបណ្តាលមកពីដៃនិងខ្លួនជនរងគ្រោះសើម និងបានកាន់ចំមុខតំណខ្សែភ្លើងទើប បណ្ដាលឱ្យឆក់ស្លាប់។ 

លោកអធិការបានបន្តទៀតថា កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់ពោធិ៍ បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះ តាមបញ្ជារបស់ លោក កូយកាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៤១នាទី ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread