បញ្ជូនឃាតក៣នាក់ទៅតុលាការខេត្តតាកែវ ពីបទសម្លាប់មនុស្សនៅស្រុកបាទី

តាកែវ ៖ ប៉ូលិសស្រុកបាទី បានបញ្ជូនជនដៃដល់៣នាក់ទៅសាលាដំបូងខេត្ដតាកែវ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពីបានចាប់ខ្លួនពាក់ព័ន្ធអំពើឃាតកម្មគិតទុកជាមុន ដែលបានប្រព្រឹត្ដទៅនៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បណ្ដាលឱ្យជនរងគ្រោះម្នាក់ស្លាប់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។

ប៉ូលិសនិយាយថា ជនដៃដល់ទាំង៣នាក់រួមមាន ១-ឈ្មោះ ម៉ម សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី, ២-ឈ្មោះ ម៉ម សីហា ភេទប្រុស អាយុ១៩ឆ្នាំ បងប្អូនបង្កើតទីលំនៅកន្លែងកើតហេតុ និង៣-ឈ្មោះ ឌឹម ប្រុស ហៅរាជ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិកន្លែងកើតហេតុ។

ប៉ូលិសបន្តថា ជនសង្ស័យទាំង៣នាក់បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខេមរៈ អាយុ២៧ឆ្នាំ នៅភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បណ្តាលឱ្យត្រូវរបួសជាច្រើនកន្លែង និងដាច់កដៃចំហៀងខាងឆ្វេងស្លាប់ភ្លាមៗ ដោយមូលហេតុទំនាស់ពាក្យសម្តីពេលលេងបាល់ទះមុនពេលកើតហេតុ។

ប៉ូលិសបន្តថា ក្រោយកើតហេតុជនសង្ស័យទាំង៣នាក់ បានជិះម៉ូតូគេចខ្លួនទៅផ្ទះឈ្មោះ ម៉ម រស់ ភេទស្រី អាយុ៥៤ឆ្នាំនៅភូមិភ្នំតូច ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ជាម្តាយធំរួចលាក់វត្ថុតាងកាំបិតផ្គាក់ នៅទីនោះរួចប្តូរយកម៉ូតូម្ចាស់ផ្ទះជិះគេចខ្លួនទៅផ្ទះឈ្មោះ ទ្រី ភេទប្រុស ត្រូវជាបងជីដូនមួយនៅម្តុំអូរត្រែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រហូតដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យទាំង៣នាក់ បានជិះរថយន្តឈ្នួលទៅខេត្តបាត់ដំបង ផ្ទះរបស់ឈ្មោះ ប៉ូច ឈាង ជាម្តាយឈ្មោះ ទ្រី នៅភូមិដំណាក់ត្រាចឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

បន្ទាប់មកកម្លាំងប៉ូលិសជំនាញស្រុកបាទី សហការជាមួយកម្លាំងប៉ូលិសស្រុករុក្ខគិរី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជាអាជ្ញាខេត្តតាកែវ ចុះស្រាវជ្រាវជនសង្ស័យទាំង៣ ដែលបានគេចខ្លួនមកភ្នំពេញវិញ។ លុះមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ូលិសជំនាញស្រុកបាទី សហការជាមួយកម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឌឹម ប្រុស ហៅរាជ ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ 

បន្ទាប់មកនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ដដែល វេលាម៉ោង១០យប់ កម្លាំងប៉ូលិសស្រុកបាទី សហការជាមួយកម្លាំងប៉ូលិសព្រហ្មទណ្ឌខេត្តតាកែវ សហការជាមួយកម្លាំងប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាមដានរកកន្លែងលាក់ខ្លួន តាមរយៈលេខទូរសព្ទរបស់ជនសង្ស័យទើបដឹងថា ជនសង្ស័យទាំង២នាក់កំពុងស្នាក់នៅលាក់ខ្លួន នៅផ្ទះសំណាក់យីហោ ហេង ហេង (ភ្នំពេញ)។ ពេលកម្លាំងទៅដល់ផ្ទះសំណាក់ជនសង្ស័យទាំង២ បានគេចខ្លួនពីផ្ទះសំណាក់ផុតបាត់ទៅហើយ។

មកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ូលិសស្រុកបាទី សហការជាមួយកម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាមដានរកកន្លែងលាក់ខ្លួនតាមរយៈលេខទូរសព្ទរបស់ជនសង្ស័យ រហូតដល់ម៉ោង៣និង២០នាទីរសៀល ទើបកម្លាំងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ម សម្បត្តិ ជនដៃដល់ និងឈ្មោះ ម៉ម សីហា ប្អូនបង្កើតជាបក្សពួកនៅចំណុចវាលស្រែខាងត្បូងភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ និងដកហូតវត្ថុតាងកាំបិតផ្គាក់ដងឫស្សីប្រវែង៤តឹក និងផ្លែប្រវែង៣តឹក៧ហ៊ុន។ ក្រោយចាប់ខ្លួនបានបញ្ជូនទៅសួរនាំបន្ដ នៅអធិការដ្ឋានស្រុកបាទី៕

-->
adverise with khmeread