ការសិក្សាថ្មីមួយរកឃើញថា ស្ត្រេសពិតជាបណ្តាលឱ្យដុះស្កូវមែន ប៉ុន្តែដំណឹងល្អគឺថា វាមិនអចិន្ត្រៃយ៍ទេ

ការសិក្សាថ្មីមួយបានបង្ហាញថា ប្រសិនបើអ្នកកត់សម្គាល់ឃើញថាអ្នកកំពុងបាត់បង់ពណ៌សក់ធម្មជាតិ អ្នកអាចធ្វើឱ្យសក់ស្កូវបាត់វិញបាន ដោយរស់នៅក្នុងជីវិតដែលមិនសូវមានស្ត្រេស។

ក្រុមអ្នកវិទ្យាសាស្ត្រនៅញូវយ៉កបានរកឃើញថា នៅពេលមនុស្សសក់ស្កូវចៀសវាងភាពតានតឹង កំណើនសក់ថ្មីៗនឹងកាន់តែខិតជិតទៅរកពណ៌ធម្មជាតិរបស់វាវិញ។

ក្រុមស្រាវជ្រាវនេះបានយកសក់ចេញពីក្បាលអ្នកស្ម័គ្រចិត្តនិងបង្កើតវិធីសាស្រ្តរូបភាពមួយ ដែលរកឃើញការប្រែប្រួលសារធាតុពណ៌នៅលើសក់តាំងពីគល់ដល់ចុង។

ពួកគេនិយាយថា ការប្រែប្រួលនៅក្នុងកោសិកា Mitochondria ដោយសារស្ត្រេស បានបង្កឱ្យមានការផ្លាស់ប្តូរប្រូតេអ៊ីនរាប់រយនៅក្នុងសក់ ជាហេតុបង្កឱ្យមានស្កូវ។

ការសិក្សានេះត្រូវបានដឹកនាំដោយអ្នកជំនាញជាច្រើនរូបនៅឯសាកលវិទ្យាល័យ Columbia University Irving Medical Center ក្នុងសង្កាត់ Manhattan ក្រុងញូវយ៉ក ដែលបានអះអាងថាបានផ្តល់នូវភស្តុតាងលើកដំបូង ដែលផ្សារភ្ជាប់ភាពតានតឹងផ្នែកចិត្តសាស្ត្រទៅនឹងសក់ស្កូវរបស់មនុស្ស។

សាស្ត្រាចារ្យជាន់ខ្ពស់លោក Martin Picard បាននិយាយថា "ការស្វែងយល់ពីយន្តការដែលអនុញ្ញាតឱ្យសក់ស្កូវត្រឡប់ទៅរកស្ថានភាពសក់ពណ៌ធម្មជាតិវិញ អាចផ្តល់នូវតម្រុយថ្មីអំពីគុណភាពនៃភាពចាស់ជរារបស់មនុស្សជាទូទៅនិងរបៀបដែលវារងឥទ្ធិពលពីស្ត្រេស"។

"ទិន្នន័យរបស់យើងបានបន្ថែមទៅលើភស្តុតាងដែលកំពុងកើនឡើងដែលបង្ហាញថាភាពចាស់ជរារបស់មនុស្សមិនមែនជាដំណើរការជីវសាស្រ្តថេរនោះទេ ប៉ុន្តែយ៉ាងហោចណាស់ ផ្នែកខ្លះអាចត្រូវបានបញ្ឈប់ឬបញ្ច្រាស់បានបណ្តោះអាសន្នដែរ"៕

 

-->
adverise with khmeread