លួចម៉ូតូពីស្រុកស្អាង,ចាប់ខ្លួនបាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ

កណ្ដាល​ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីអំពើលួចម៉ូតូត្រូវបានប៉ូលិសស្រុកស្អាងឃាត់ខ្លួន នៅចំណុចលើផ្លូវជាតិលេខ១២១០ ស្ថិតនៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង៣០នាទី។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សយ ឌូ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅៗភូមិរកា ឃុំក្រាំងយ៉ូវ ​ស្រុកស្អាង ខេត្តកណ្ដាល។

ចំណែកជនសង្ស័យ (ឃាត់ខ្លួន) ឈឹម ធឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ​ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកំណើតភូមិក្រសាលឃុំជាំស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

វត្ថុតាងចាប់យករួមមាន ១.ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្ដាល1AD-3990 ជារបស់ជនរងគ្រោះរកឃើញវិញ និង២.ទូរសព្ទដៃចំនួន០១ គ្រឿងម៉ាកណូគាចុចពិលពណ៌ខ្មៅ ជារបស់ជនសង្ស័យ។

ប៉ូលិសបន្តថា ដំបូងមានជនរងគ្រោះបានជិះម៉ូតូមកមើលស្រែប្រាំង ដោយគាត់បានទុកម៉ូតូនៅលើផ្លូវកៅស៊ូ ស្រាប់តែមានជនសង្ស័យខាងលើបានមកធ្វើសកម្មភាពកាច់សោកលួចម៉ូតូរួចជិះគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។ ភ្លាមនោះជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ។ 

ក្រោយពេលទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាង, លោក វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស, កម្លាំងប៉ូលិសជំនាញយុត្តិធម៌, កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ, កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្នោ, ប៉ូលិសប៉ុស្តិ៍រដ្ឋបាលចារ សហការគ្នា ធ្វើការបែងចែកមុខព្រួញ រួចដាក់រាយកម្លាំងពួនស្ទាក់តាមចំណុចសំខាន់ៗ។

លុះមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃខែឆ្នាំដដែលទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងម៉ូតូបាននៅចំណុចវត្តឈ្នះ ស្ថិតនៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

-->
adverise with khmeread