ឆបោកយកម៉ូតូ២គ្រឿងទៅបញ្ចាំយកលុយចាយអស់ត្រូវប៉ូលិសស្រុកអង្គស្នួលវ៉ៃខ្នោះ

កណ្ដាល​ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួនពីបទ «រំលោភលើទំនុកចិត្ត» នាថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បន្ទាប់ពីធ្វើសកម្មភាពឆបោកយកម៉ូតូបាន២គ្រឿងទៅបញ្ចាំយកលុយចាយអស់។

ប៉ូលិសនិយាយថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ ហុក ធាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និង២-ឈ្មោះ ឆោម យាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងបាត់បង់ ម៉ូតូចំនួនពីរគ្រឿង (ម៉ូតូម៉ាកហុងដា សេ១២៥ ផលិតឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពងធំ1E-7682 និងម៉ូតូម៉ាកហុងដា សេ១២៥ ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1J-9919។

ចំណែកជនសង្ស័យឈ្មោះ សូ សាវ៉ុន ហៅហេង ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក លោហៈធាតុពណ៌លឿងទុំ​ ជាប្រភេទខ្សែកចំនួន០១និងទូរសព្ទដៃម៉ាក SAMSUNG ពណ៌ខៀវចំនួន០១គ្រឿង។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះនិងជនសង្ស័យជាកម្មករសំណង់សាងសង់របងថ្មមួយកន្លែងនៅចំណុចកើតហេតុខាងលើ។ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៧ និង៣០នាទី ជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះឈ្មោះ ឆោម យាន ដើម្បីទៅផ្សារថ្នល់ទទឹងយកសម្ភារមួយភ្លែត ពេលនោះជនរងគ្រោះបានឱ្យខ្ចីទៅ។ 

ពេលជនសង្ស័យខ្ចីម៉ូតូបានហើយក៏ជិះទៅបាត់ រហូតដល់ម៉ោង០៥និង១០នាទីល្ងាចទើបឃើញជនសង្ស័យត្រឡប់មកវិញតែមិនឃើញម៉ូតូឡើយ។ ពេលនោះជនរងគ្រោះបានសួរនាំ ជនសង្ស័យបានឆ្លើយតបវិញថា «ម៉ូតូនោះខូចហើយបានដាក់ឱ្យជាងធ្វើនៅផ្សារថ្នល់ទទឹងថ្ងៃស្អែកបានជាងធ្វើរួច»។

លុះដល់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង០៨ ជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហុក ធាន់ ដោយប្រាប់ថា «ជិះទៅមើលម៉ូតូរបស់ឈ្មោះឆោម យាន ជាងធ្វើរួចឬនៅ»។ ពេលខ្ចីម៉ូតូបានហើយជនសង្ស័យជិះយកទៅបាត់តែម្ដង។ រហូតដល់ថ្ងៃទី២៣ខែឆ្នាំដដែលជនសង្ស័យបានត្រឡប់មកផ្ទះជួលវិញ ដើម្បីធ្វើសកម្មភាពបោកយកម៉ូតូទៀត ក៏ត្រូវបានជនរងគ្រោះឃើញហើយរាយការណ៍មកសមត្ថកិច្ចដើម្បីឃាត់ខ្លួនជនសង្ស័យតែម្តង។

ជនសង្ស័យឈ្មោះ សូ សាវ៉ុន ហៅហេង បានឆ្លើយសារភាពថា «ម៉ូតូទាំងពីរគ្រឿងនោះខ្លួនយកទៅដាក់បញ្ចាំបានលុយចំនួន៤៥០ដុល្លារយកលុយចាយអស់ហើយ»។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ូលិសផ្នែកជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕

-->
adverise with khmeread