ឃាត់បុរសម្នាក់ញៀនថ្នាំដល់កម្រិតគំរាមសម្លាប់ឪពុកខ្លួនឯង

ពោធិ៍សាត់ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្វាយដូនកែវ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង១០ព្រឹក បានឃាត់ខ្លួនបុរសញៀនថ្នាំម្នាក់ដែលបាន ជេរប្រមាថឪពុកម្តាយ និងគំរាមរកសម្លាប់ឪពុក កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក នៅចំណុចផ្ទះជនរងគ្រោះនៅភូមិស្វាយដូនកែវទី២ ឃុំស្វាយដូនកែវ ស្រុកបាកានខេត្តពោធិ៍សាត់។

តាមការបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះ សុត សុង អាយុ៧៤ឆ្នាំ ភេទប្រុស ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ រស់នៅភូមិស្វាយដូនកែវទី២ ឃុំស្វាយដូនកែវ ស្រុកបាកានខេត្ត ពោធិ៍សាត់បានឱ្យដឹងថា កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ជនសង្ស័យត្រូវជាកូនបង្កើតរបស់ខ្លួនឈ្មោះ សុង សើន អាយុ៣៦ឆ្នាំ ភេទប្រុស ​បានសួររកម៉ូតូជិះ, តែជនរងគ្រោះដែលជាឪពុកបានឆ្លើយថា «ម៉ូតូមិននៅទេ»។ ស្រាប់តែជនសង្ស័យដែលជាកូនបានខឹងរករឿងស្រែកជេរសំឡុតថា «បើម៉ូតូមិននៅ ចុះឯណាមាស០១ជីយកមកឱ្យអញ» ព្រមទាំងស្រែកគំរាមថា «បើមិនយកមកទេប្រយ័ត្នអញសម្លាប់ចោល»។

ជនរងគ្រោះបានបន្តទៀតថា ដោយសារកូនគាត់កន្លងមកធ្លាប់ជក់គ្រឿងញៀន ហើយធ្លាប់បានយកទៅមណ្ឌលបន្សាបគ្រឿងញៀននៅខេត្តបន្ទាយមានជ័យចំនួន២ដងនិងជាប់ពន្ធនាគារចំនួន១៨ខែ ហើយបានចេញពីមណ្ឌលបន្សាបគ្រឿងញៀន នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១មកម្ល៉េះ ប៉ុន្តែនៅបន្តប្រើប្រាស់គ្រឿងញៀននិងរករឿងឪពុកម្ដាយជាប្រចាំ។

លោកវរសេនីយ៍ឯក នាង វុធ អធិការប៉ូលិសស្រុកបាកាន បានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះខាងលើ ក៏បានចុះឃាត់ខ្លួនជនសង្ស័យ និងធ្វើតេស្តមើលសារធាតុញៀន ជាលទ្ធផលមាន វិជ្ជមាន (+) នូវសាធាតុញៀន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានស្រុកបាកាន តាមបញ្ជារបស់លោក កូយកាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការទៅតាមនីតិវិធី៕

-->
adverise with khmeread